ក្រសួងទេសចរណ៍ និងសាលាប៉ូលឌុយប្រ៊ូល បន្តជំរុញការអភិវឌ្ឍមូលធនមនុស្ស សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា


ក្រសួងទេសចរណ៍ និងសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល បានបន្តជំរុញការអភិវឌ្ឍមូលធនមនុស្ស សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ពិសេសក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយប្រតិភូសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដឹកនាំដោយលោក ហ្រ្វាន់ស្វ័រ ស្នូបេលែន នាយកសាលាប៉ូលឌុយប្រ៊ូល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដែលមានលោក ហ្រ្វាន់ស្វ័រ ស្នូបេលែន នាយកសាលាប៉ូលឌុយប្រ៊ូល និងជាងអនុប្រធានគណៈកម្មាធិការទេសចរណ៍ នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិភាក្សាលើការជំរុញការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសលើការពង្រឹងគុណភាព បណ្តុះបណ្តាលជំនាញទេសចរណ៍ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច និងការធ្វើដំណើរ។

ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកពីគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ «បង្កើន៥ និង អភិវឌ្ឍ៣ (BUILD + 3Ds)» ដោយក្នុងនោះមួយក្នុងចំណោះសសរស្តម្ភនៃការអភិវឌ្ឍទាំង៣ គឺការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ជាពិសេសប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងឈានមុខនៅកម្រិតសកល។

លោក ហ្រ្វាន់ស្វ័រ ស្នូបេលែន នាយកសាលាប៉ូលឌុយប្រ៊ូល បានជម្រាបលោករដ្ឋមន្រ្តីអំពីវឌ្ឍនភាពការងារ និងកិច្ចការសំខាន់ៗរបស់សាលាក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការជំរុញបណ្តុះបណ្តាលដល់យុវជន និងសិស្សានុសិស្សឱ្យទទួលបានជំនាញទេសចរណ៍ ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងជីវភាពរបស់របស់ខ្លួនឱ្យកាន់តែប្រសើរ និងដើម្បីចូលរួមជាកម្លាំងពលកម្មជំនាញ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសនៅក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គ ដែលពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍រួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន ជាពិសេសការចូលរួមពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរឱ្យបានកាន់តែច្រើននៅតាមគោលដៅរាជធានី-ខេត្ត ពោលគឺការបណ្តុះបណ្តាលជំនាញទេសចរណ៍ គឺជាការងារគន្លឺះនៅក្នុងការកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាព និងបំពេញទៅនឹងតម្រូវការជាក់ស្តែងនៃការវិវត្តន៍នៃវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន និងលោកនាយកសាលាបានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងនាមភាពជាដៃគូជិតស្និទ្ធ ដើម្បីបន្តជំរុញការអភិវឌ្ឍមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា៕