អបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា, អភិបាលខេត្តព្រះសីហនុ ជំរុញឲ្យស្ត្រីត្រូវពង្រឹងសមត្ថភាព និងបង្កើនភាពអង់អាចដើម្បីរម្កិលតួនាទីទៅជាអនុប្រធាន ឬប្រធានមន្ទីរអង្គភាព


(ព្រះសីហនុ)៖ ឯកឧត្តម វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញជួបជុំសំណេះសំណាលជាមួយក្រុមការងារ យេនឌ័រ ព្រមទាំងមន្រ្តីជានារីទូទាំងខេត្ត ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល មង្គលសេដ្ឋាច័ន្ទ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាងប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

នាឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរមន្រ្តីជានារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកក្នុងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ម្យ៉ាងវិញទៀត ឯកឧត្តមអភិបាលរងក៏បានផ្តាំផ្ញើមន្រ្តីនារីទាំង២៣នាក់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញ ភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា «កន្លងទៅ យើងបានផ្តាច់ជ្ញាចិត្ត គឺថានៅតាមបណ្តាមន្ទីរអង្គភាពត្រូវខិតខំគិតគូរយកចិត្តទុកដាក់ជំរុញឲ្យនារីរបស់យ៉ាងហោចណាស់ឲ្យទៅទទួលតួនាទីត្រឹមអនុប្រធានមន្ទីរ អង្គភាព យ៉ាងហោចណាស់បានម្នាក់ ប៉ុន្តែយ៉ាងណាក្តីឈលើកិច្ចការនេះ យើងក៏មិនអាចចាត់តាំងឲ្យល្មើសទៅនឹងបែបបទនីតិវិធីនោះទេ ជាការពិតបច្ចុប្បន្ននេះក្របខណ្ឌមួយចំនួន គឺថ្នាក់ដឹកនាំបានប្រគល់ភារកិច្ចមកឲ្យថ្នាក់ខេត្ត ជាអ្នកធ្វើការសម្រេចចាត់តាំង ផ្លាស់ប្តូជាដើម ក៏ប៉ុន្តែក្រោមការចាត់តាំងអស់ទាំងនេះនៅតាមមន្ទីរ អង្គភាពគឺចំនួនថ្នាក់ដឹកនាំ អនុប្រធាននោះគឺមានកំណត់»

ឯកឧត្តមបន្តថា កន្លងទៅធ្លាប់មានការពិភាក្សាគ្នា និងបានសម្រេចចិត្តថា បើមានកន្លែងទំនេរយើងត្រូវមានជម្រើសយកតម្លៃនារីអោយបានត្រឹមអនុប្រធានមន្ទីរ ក្នុងនោះគឺមានប្រធានមន្ទីរអង្គភាព ៣នាក់រួចមក ហើយនៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមបានគូសបញ្ជាក់ថា «ទោះជាយ៉ាងណា យើងត្រូវខិតខំនៅកិច្ចការ និងឲ្យតម្លៃ លើកកម្ពស់តួនាទីឲ្យរម្កិលទៅជាបន្តបន្ទាប់ទៅតាមលំដាប់ថ្នាក់ ក្នុងការរម្កិលនេះមានន័យថា បើសិនក្នុងមន្ទីរអង្គភាពគ្មានមន្ត្រីជានារីសោះ ក្នុងតួនាទីគ្រប់គ្រង យើងចាប់ផ្តើរម្កិលពីអនុប្រធានការិយាល័យ ឡើងទៅប្រធានការិយាល័យ និងបន្តទៅអនុប្រធានមន្ទីរអង្គភាព។ ហើយក្នុងនាមជាស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាព និងបង្កើនភាពអង់អាចទទួលជោគជ័យឆ្ពោះ ទៅការលើក កម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចរបស់ស្ត្រី និងជំរុញការអភិវឌ្ឍជាសកលប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាពទៅអនាគត រួមចំណែកធ្វើឱ្យសង្គមគ្រួសារ និងសង្គមជាតិប្រកបដោយសីលធម៌ថ្លៃថ្នូរ សុភមង្គល និងសុខដុមរមនា បញ្ហាទាំងនេះ យើងត្រូវរួមគ្នាដោះស្រាយដោយធ្វើការអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាអវិជ្ជមាន»