បុណ្យឆ្លងចេតិយ អ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង និងបុណ្យគម្រប់ខួប២៦ឆ្នាំ មហាឧបាសិកា ឌី ប៉ុក ត្រូ វបានរៀបចំនៅវត្តព្រះបារមីវង្កតបុរី


ចេតិយរបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាមាតាបិតារបស់ សម្តេចតេជោ ហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួល និងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ។

ពិធីបុណ្យនេះមានការចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ហ៊ុន ម៉ានិត, លោកជំទាវ ហ៊ុន ស្រីពៅ កូនរបស់ សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម នេត សាវឿន, លោកឧកញ៉ា ហ៊ុន តូ, ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងកូនចៅញាត្តិសន្តានរបស់ត្រកូលហ៊ុនជាច្រើនរូបទៀត។

ក្នុងពិធីនេះមាន នមស្ការព្រះរតនត្រ័យ សមាទានសីល បង្វិលពពិលជុំវិញចេតិយ៍ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដោយបាននិមន្តចូលរួមពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ ។

គួរបញ្ជាក់ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កើតនៅថ្ងៃទី២៧ ខែ០៨ ឆ្នាំ១៩២៣ និងបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែ០៧ ឆ្នាំ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ។ ចំណែកមហាឧបាសិកា ឌី ប៉ុក កើតនៅថ្ងៃទី១៧ ខែ០៦ ឆ្នាំ១៩១៩ និងបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែ០៣ ឆ្នាំ១៩៩៨។ អ្នកមានគុណទាំង២ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានដង្ហែមកតម្កល់ទុក នៅក្នុងចេតិយវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីគោរពបូជា៕