អភិបាលខេត្តកំពង់ចាម អះអាងថាសមត្ថកិច្ចកំពុងឃ្លាំមើលជាប្រចាំបើទោះជាបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១០០% ក៏ដោយ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សមត្ថកិច្ច អាជ្ញាធរដែនដី បានធ្វើការឃ្លាំមើលជាប្រចាំ បើទោះបីជា សមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១០០% ហើយក៏ដោយ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះនៅក្នុងអង្គប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ក្រោយពេលទទួលបានបទបញ្ជាពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យចុះទៅពិនិត្យ និងឈានដល់ការបង្ក្រាប បិទល្បែងស៊ីសងខុសច្បាប់ ជាពិសេសគឺប្រភេទល្បែងឆ្នោតផ្សងសំណាងផ្សេងៗ អាជ្ញាធរខេត្តកំពង់ចាម បានបើកប្រតិបត្តិការ និងបានបិទនូវល្បែងទាំងនោះ ដែលអាចនិយាយបានថាខេត្តកំពង់ចាម ជាខេត្តដែលបានធ្វើកិច្ចការនេះបញ្ចប់មុនគេ នៃបណ្ដាខេត្តដទៃ។ ការចុះអនុវត្តការងារគឺក្រោមរូបភាពគោលការណ៍ស្ម័គ្រចិត្ត និងធ្វើកិច្ចសន្យាកំណត់របស់សមត្ថកិច្ចនៅនឹងកន្លែង ដែលក្នុងនោះសមត្ថកិច្ចបានរកឃើញមានចំនួន៤៩២ទីតាំង ដែលបានបិទជាស្ថាពរ និងបានធ្វើកិច្ចសន្យាមិនអនុញ្ញាតឱ្យមានការបើកបន្តទៀតទេ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ទោះជាយ៉ាងនោះក្តី ថ្មីៗកន្លងទៅនេះមាន ៣ករណី បានលួចបើកលេងល្បែងផ្សងសំណាងខុសច្បាប់ ប៉ុន្តែ ប្រការនេះត្រូវបានសមត្ថកិច្ចបង្ក្រាបទាំង ៣ករណី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីតែម្តង ដោយមិនឱ្យមានធ្វើកិច្ចសន្យាអប់រំទៀតទេ៕