រដ្ឋបាលខេត្តកោះកុង ប្រកាសឱ្យចូលកាន់តំណែងមន្ត្រីរាជការចំនួន ៦៩រូប


ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំនួន៦៩រូប ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងមន្ទីរជំនាញនានាជុំវិញខេត្ត។

លោកជំទាវ មិថុនា ភូថង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ដោយបន្តបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈចាំបាច់នានានៅមូលដ្ឋាន។

លោកជំទាវបានបន្តថា សមិទ្ធផល និងស្នាដៃ ដែលរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថេរភាព សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍខេត្តកោះកុង និងសូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ដែលបានខិតខំក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌ ខេត្ត បានយ៉ាងល្អប្រសើរ ពិសេសការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ គឺបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់បោះឆ្នោត ហើយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គឺជាការបោះឆ្នោត សកល ប៉ុន្តែតម្លៃនៃការបោះឆ្នោតនេះ គឺពិតជាមានអត្ថប្រយោជន៍ធំធេងក្នុងការគ្រប់គ្រងរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ នៃខេត្តកោះកុង ដែលសរុបមានចំនួន៦៩រូប ស្រី២៨រូប ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្ត រដ្ឋបាល ស្រុក មន្ទីរជំនាញនានា។

ជាមួយគ្នានេះ លោកជំទាវបានសម្តែងនូវការអបអរសាទរ ចំពោះមន្ត្រីរាជការទាំង៦៩រូប ដែលទទួលបានការផ្លាស់ប្តូរកន្លែងការងារ ការតែងតាំង និងការប្រគល់ភារកិច្ចថ្មីនាពេលនេះ ហើយសង្ឃឹមជឿជាក់ថានឹងខិតខំបន្តរក្សានូវសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ តាមរយៈចំណេះដឹង សមត្ថភាព បទពិសោធន៍ និងស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានា ព្រមទាំងស្របតាមការណែនាំផ្ទាល់របស់ថ្នាក់ដឹកនាំអង្គភាព ដើម្បីបន្តចូលរួមអភិវឌ្ឍខេត្តកោះកុងឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗអង្គភាពរបស់ខ្លួន។

លោកជំទាវ មិថុនា ភូថង ក៏បានក្រើនរំលឹកឱ្យមន្ត្រីរាជការត្រូវយកចិត្តទុកចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងលិខិតបទដ្ឋានគតិយុទ្ធនានាដែលរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍ឱ្យមានសក្តានុពលលើគ្រប់វិស័យ និងសន្តិភាព៕