រដ្ឋបាលខេត្តព្រះវិហារ រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤


រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធ អង្គការដៃគូ និងមេឃុំ ចៅសង្កាត់ ជាច្រើនរូប នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនោះឯកឧត្តម មិន ស៊ីថា បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងស្តីពីការ អនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ដើម្បីធានាបានប្រសិទ្ធភាព និរន្តរភាព នៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម តាមរយៈការចែករំលែក បទពិសោធន៍ល្អៗដល់ឃុំផ្សេងៗ ដែលបានគាំទ្រថវិកាដល់គម្រោងគណនេយ្យភាពសង្គម។

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងថា សម្រាប់ខេត្តព្រះវិហារ ការអនុវត្តគណនេយ្យភាពសង្គម បានអនុវត្តលើ៣វិស័យ គឺសេវារដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ដែលមានវិសាលភាពគ្របដណ្តប់តំបន់គោលដៅ លើឃុំសង្កាត់ចំនួន៥១ សាលាបឋមសិក្សាចំនួន២១៦ និងមណ្ឌលសុខភាពចំនួន៣០។បានអនុវត្តផ្តល់សេវាដល់រដ្ឋបាលស្រុកចំនួន២ គឺស្រុករវៀង និងស្រុកឆែប ក្នុងចំណោម៨ក្រុង ស្រុក ទូទាំងខេត្តព្រះវិហារ។

ហើយក៏ត្រូវបានអនុវត្តជា២ផ្នែកគឺទី១៖ ផ្នែកផ្គត់ផ្គង់ គឺជាតួអង្គរដ្ឋដែលសំដៅលើអ្នកផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ទី២៖ ផ្នែកតម្រូវការ គឺជាក្រុមប្រជាពលរដ្ឋដែលសំដៅទៅលើតួអង្គមិនមែនរដ្ឋ និងមានការជួយសម្របសម្រួលដោយអង្គការសង្គមស៊ីវិល ជាដៃគូ និងជាអ្នកគាំទ្រអនុវត្តផ្នែកជាដៃគូ និងជាអ្នកគាំទ្រអនុវត្តផ្នែកតម្រូវការដែលបានដឹកនាំធ្វើសកម្មភាពដោយគម្រោងច្នៃប្រឌិតថ្មី សម្រាប់គណនេយ្យភាពសង្គម នៅក្នុងប្រទេសកម្ពុជាហៅកាត់ថា (ISAC)។

ជាមួយនេះផងដែរ ឯកឧត្តម មិន សុីថា បានបង្ហាញក្តីសង្ឃឹមថា សិក្ខាសាលានិងទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមការរំពឹងទុក ហើយ និងទទួលបានការគាំទ្រពីសំណាក់អង្គការជាដៃគូ មកដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្ថែមទៀត ពិសេសគឺការគាំទ្រឱ្យមានផ្នែកតម្រូវការសម្រាប់ចូលរួមក្នុងដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ព្រមទាំងធ្វើការពង្រីកវិសាលភាពទៅកាន់ស្រុកគោលដៅបន្ថែមទៀតរបស់ខេត្តព្រះវិហារ៕