កម្ពុជា និងអឺរ៉ុប ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៧៩លានអឺរ៉ូ និងប្រកាសដាក់ឲ្យអនុវត្តកម្មវិធីចំនួន៤


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jutta Urpilainen ស្នងការអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង និង ប្រកាសដាក់ឱ្យអនុវត្តកម្មវិធី ចំនួន៤ ដែលផ្តោតលើការ លើកកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ដោយមានការ ចូលរួមពីតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក, បារាំង, អាល្លឺម៉ង់ និងស៊ុយអែត និង ភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលមានទំហំសរុបចំនួន ៧៩ លានអឺរ៉ូ សម្រាប់គាំទ្រកម្មវិធីទាំង ៤ រួមមាន៖

១៖ កម្មវិធីភាពជាដៃគូដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា (Cambodia Partnership for Sustainable Agriculture and Food Systems – EU CAPSAFE) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ១៧ លានអឺរ៉ូ ឬប្រមាណ ១៨.៤ លានអឺរ៉ូ និងសហហិរញ្ញប្បទាន ពីប្រទេសអាល្លឺម៉ង់ ចំនួន ៧.៣ លានអឺរូ ឬប្រមាណ ៧.៨ លានដុល្លារអាម៉េរិក។

២៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry) មានថវិកាសរុប ចំនួន ៦ លានអឺរ៉ូ ឬប្រមាណ ៦.៥ លានដុល្លារអាម៉េរិក។

៣៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលបច្ចេកទេស ២០២៤-២០២៧ (Transforming Technical Education EU-Cambodia Partnership 2024-2027) មានថវិកាសរុប ចំនួន ៤៩ លានអឺរ៉ូ ឬប្រមាណ ៥៣.១ លានដុល្លារអាម៉េរិក។

៤៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ៧ លានអឺរ៉ូ ឬប្រមាណ ៧.៦ លានអឺរ៉ូ និងសហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ចំនួន ៣ លានអឺរូ ឬប្រមាណ ៣.៣ លានដុល្លារអាម៉េរិក។

លោកស្រី Jutta Urpilainen ស្នងការអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានថ្លែងថា ដំណើរទស្សនកិច្ច របស់លោកជំទាវ នាពេលនេះ គឺជាឱកាសសម្រាប់សហភាពអឺរ៉ុប និងកម្ពុជា កត់ត្រាទុកនូវកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាង ភាគីទាំង ២ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈ ការចុះហត្ថលេខា និងការប្រកាសឱ្យអនុវត្តកម្មវិធីថ្មី ចំនួន ៤ ក្នុងវិស័យសំខាន់ៗ ដែលនឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបង្កើតការងារបន្ថែមនៅកម្ពុជា។

លោកស្រីបន្ដថា សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តខ្ពស់ ចំពោះភាព- ជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងឌីជីថល និងរួមដំណើរជាមួយកម្ពុជា ក្នុងការ ចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ ក្នុងន័យនេះ, យុទ្ធសាស្ត្រ Global Gateway នឹងក្លាយ ជាឧបករណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅដំណាក់កាលថ្មីដ៏សំខាន់នេះ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងលោកស្រី Jutta Urpilainen ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប, ការចុះហត្ថលេខា និងការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្មីទាំង ៤ នាពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ក្នុងទិសដៅនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញ និងការពង្រឹងភាពជាដៃគូ ស្អិតល្មួតជាមួយសហភាពអឺរ៉ុប ក្នុងពហុវិស័យអាទិភាពនានា ទៅអនាគត ៕