អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចុះទស្សនកិច្ចស្វែងយល់ពីវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីឈានទៅផ្តល់ជំនួយសាងសង់ ពង្រីកសមត្ថភាពរោងចក្រភូមិព្រែកឱ្យដល់ ១៩៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ


អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន លោក កុម៉ារ៉ា ម៉ាសាហ៊ីរ៉ូ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានចុះទស្សនកិច្ចជាផ្លូវការ នៅរោងចក្រផលិតទឹកស្អាតភូមិព្រែក ដើម្បីស្វែងយល់ពីការផលិត និងផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសនាពេលនេះ ធ្វើឡើងស្របពេលដែលជប៉ុន គ្រោងផ្តល់ជំនួយសម្រាប់កែលម្អ និងសាងសង់ពង្រីកសមត្ថភាពផលិតទឹកស្អាត របស់រោងចក្រភូមិព្រែកបន្ថែមចំនួន ៤៥ពាន់ម៉ែត្រគីប។

ឯកឧត្តមបន្ថែមថា «នៅថ្ងៃទី១៩នេះ ខ្ញុំបាទនឹងត្រូវទៅប្រទេសជប៉ុន ដើម្បីទៅបញ្ចប់នូវការដេញថ្លៃនៅប្រទេសជប៉ុន ដើម្បីរៀបចំនូវកិច្ចសន្យាដំណើរការ សាងសង់រោងចក្រផលិតទឹកស្អាតភូមិព្រែកបន្ថែម ៤៥ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលយើងគ្រោងថានឹងចាប់ផ្តើមសាងសង់ នៅក្នុងចុងឆ្នាំ ២០២៤យើងនេះ»

ឯកឧត្តម ឡុង ណារ៉ូបានឱ្យដឹងទៀតថា តាមការសិក្សា គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ៤៥ម៉ែត្រគីប ក្នុងមួយថ្ងៃ នឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក។

បើតាមឯកឧត្តម ឡុង ណារ៉ូ បច្ចុប្បន្ននេះ រោងចក្រភូមិព្រែកមានសមត្ថភាពផលិតទឹកស្អាត ១០០ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ។ បន្ទាប់កែលម្អ និងសាងសង់រួច រោងចក្រនេះ នឹងមានសមត្ថភាចពផលិត ១៩៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតប្រមាណ ១លានម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យរដូវប្រាំងនេះ រាជធានីភ្នំពេញមិនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ឡើយ៕