ស្ថានីយត្រួតពិនិត្យវិទ្យុសកម្មចំនួន៨ ត្រូវបានដំឡើងនៅរាជធានី-ខេត្តចំនួន៨ ដើម្បីវាយតម្លៃកម្រិតវិទ្យុសកម្មនៅទូទាំងប្រទេសកម្ពុជា


ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានរួមគ្នាសម្ពោធស្ថានីយ៍ត្រួតពិនិត្យអត្រាកម្រិតជាតិវិទ្យុសកម្មថ្មីចំនួន៨ នៅទូទាំងរាជធានី និងខេត្តជាប់ព្រំដែនកម្ពុជា ដើម្បីជំរុញសមត្ថភាពជាតិសម្រាប់ការឆ្លើយតបទាន់ពេលវេលា ទៅនឹងហានិភ័យពីជាតិវិទ្យុសកម្មក្នុងធាតុអាកាស។

ពិធីប្រគល់-ទទួល និងដាក់ឱ្យដំណើរការស្ថានីយ៍ត្រួតពិនិត្យអត្រាកម្រិតជាតិវិទ្យុសកម្មថ្មី បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។

ស្ថានីយត្រួតពិនិត្យអត្រាកម្រិតជាតិវិទ្យុសកម្មទាំងនេះនឹងជំរុញសមត្ថភាពជាតិសម្រាប់ការឆ្លើយតបទាន់ពេលវេលា ទៅនឹងហានិភ័យពីជាតិវិទ្យុសកម្មក្នុងធាតុអាកាស ក្នុងន័យការពារសុខភាពសាធារណៈ និងសុវត្ថិភាព និងការការពារបរិស្ថាន។ នេះគឺជាផ្នែកមួយនៃភាពជាដៃគូសហភាពអឺរ៉ុប-អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការត្រៀមលក្ខណៈ និងការឆ្លើយតបគ្រោះអាសន្នផ្នែកវិទ្យុសកម្ម និងនុយក្លេអ៊ែរ (EP&R) នៅក្នុងអាស៊ាន ស្របតាមការអនុវត្តអន្តរជាតិល្អបំផុត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ការបើកដំណើរការស្ថានីយ៍ត្រួតពិនិត្យវិទ្យុសកម្ម  Gamma Dose គឺជាវឌ្ឍនភាពមួយដែលត្រូវបានបង្កើតឡើង ដើម្បីរួមបញ្ចូលគ្នានូវធនធាន និងជំនាញ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា។

លោកទទួលស្គាល់ថា សម្ភារៈ និងបច្ចេកវិទ្យានុយក្លេអ៊ែរ រួមទាំងវិទ្យុសកម្មអ៊ីយ៉ូដ ផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ប៉ុន្តែបង្កហានិភ័យយ៉ាងច្រើន។  បច្ចេកវិទ្យាទាំងនេះ មានសក្តានុពលក្នុងការផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ តាមវិធីជាច្រើនចាប់ពីកម្មវិធីវេជ្ជសាស្រ្តរហូតដល់ការផលិតថាមពល។  វាក៏នាំមកនូវបញ្ហាប្រឈមនៃការទប់ស្កាត់គ្រោះថ្នាក់ និងគ្រោះអាសន្នផងដែរ។

លោកបន្ថែមថា «ទោះបីជាកម្ពុជាមិនមានរោងចក្រថាមពលនុយក្លេអ៊ែរក៏ដោយ ការបង្កើតស្ថានីយ៍ទាំងនេះនៅកម្ពុជា ជំរុញការប្តេជ្ញាចិត្តរបស់យើង ចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ការការពារបរិស្ថាន និងការពារប្រជាពលរដ្ឋរបស់យើង ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃវិទ្យុសកម្ម ក្នុងករណីគ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងនៅក្នុងតំបន់»

លោកបន្ថែមថា «ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ និងសក្តានុពលសម្រាប់ការប៉ះពាល់នឹងវិទ្យុសកម្ម យើងត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីតាមដាន និងវាយតម្លៃកម្រិតវិទ្យុសកម្មនៅក្នុងតំបន់ជុំវិញរបស់យើង។  គ្រឿងបរិក្ខារដែលយើងសម្ពោធនៅថ្ងៃនេះ ផ្តល់អំណាចដល់យើងជាមួយនឹងទិន្នន័យក្នុងពេលវេលាជាក់ស្តែង ដែលអនុញ្ញាតឱ្យមានការសម្រេចចិត្តយ៉ាងសកម្ម ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថាន»

តាមរយៈភាពជាដៃគូអាស៊ាននេះ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាញនិយតកម្មអាស៊ាន ស្តីពីថាមពលអាតូមិក (ASEANTOM) កម្ពុជាបានដំឡើងប្រព័ន្ធចំនួនប្រាំបីនៅក្នុងស្ថានីយត្រួតពិនិត្យវិទ្យុសកម្មបរិស្ថាន នៅរាជធានីភ្នំពេញ រតនគិរី ឧត្តរមានជ័យ កោះកុង ព្រះសីហនុ កំពត និងខេត្តកែប ដោយមានប្រព័ន្ធបម្រុងសម្រាប់ជំនួស។

ថ្លែងក្នុងពិធីនេះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ រួមទាំងក្នុងបរិបទនៃការត្រួតពិនិត្យវិទ្យុសកម្មបរិស្ថាន ក្នុងការការពារសហគមន៍ និងប្រព័ន្ធអេកូឡូស៊ី។

លោកបន្តថា «គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការកែលម្អការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ សមត្ថភាពឆ្លើយតប និងការសម្របសម្រួល ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសុខភាព និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ៕