សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៦ខែនេះ គឺបានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦និងវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញនិងបង្កើនល្បឿនលើការកែទម្រង់


ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៦ខែកន្លងមកនេះ គឺរាជរដ្ឋាលភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងបានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន។

សម្តេចធិបតីបានគូសបញ្ជាក់ថា បណ្តាសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៦ខែកន្លងមករួមមាន៖
ទី១. ការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើម អនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន និងសង្គម-សេដ្ឋកិច្ចជាតិ។
ជាលទ្ធផល យើងសម្រេចបាន៖
១. ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល ដល់ប្រជាជនសរុប ៦,៨ លាននាក់ ដែលក្នុងនោះ៖(១.) មានសមាជិក ប.ស.ស. ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្ត មានសរុបជាង ២លាន ១សែននាក់,(២.) មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យ ចំនួន៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន៨សែននាក់, (៣.) មូលនិធិសមធម៌ប្រជាជននៃគ្រួសារក្រីក្រ (ក្រ១ និង ក្រ២) មាន៧០ម៉ឺនគ្រួសារដែលមានប្រជាជនចំនួន ២លាន៨សែន នាក់, និង(៤.) បានពង្រីកនូវការគ្រប់ដណ្តប់នូវរបបសន្តិសុខសង្គមជូនទៅដល់ក្រុមប្រជាជននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជាង ១០ម៉ឺននាក់ផងដែរ។

២. ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលគោលដៅរបស់យើង១លាន៥សែននាក់ ដែលមកដល់ម៉ោងនេះគឺយើងមានយុវជនចំនួន ២៧ ៨៩៤ នាក់ បានចុះឈ្មោះចូលរៀន ក្នុងនោះ ១២ ២៦៨នាក់ កំពុងត្រូវបានបណ្ដុះបណ្ដាល នៅក្នុងកម្មវិធីសិក្សាចំនួន៥៤៤ថ្នាក់ ដែលរាជរដ្ឋាភិបាលយើងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងផ្តល់ថវិកាក្នុងមួយខែ២៨ម៉ឺនរៀល។
៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន ពោលគឺយើងបានដាក់ចេញគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលនឹងចាប់អនុវត្តពីខែមេសាខាងមុខនេះ និងចាកចេញជាបណ្តើរៗពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

៤. ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។  យើងបានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាពការងារព្រមទាំងយន្តការប្រមូលទិន្នន័យ ជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋាននូវទិន្នន័យ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានទៅដល់ការអភិវឌ្ឍប្រព័ន្ធចុះ ឈ្មោះពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលខាងមុខ ដើម្បីយើងកំណត់ឱ្យបាននូវគោលដៅច្បាស់លាស់ អាចជួយជាក់ស្តែង។
៥. ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យពាក់ព័ន្ធនឹងកម្មវិធីអទិភាពនេះយើងបានបង្កើតក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្ម និងបានរៀបចំយន្តការ និងនីតិវិធីបញ្ចេញ និងប្រើប្រាស់ថវិកា, លក្ខខណ្ឌតម្រូវឥណទាន, និងយន្តការនីតិវិធីសងត្រឡប់។

៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។ ទៅលើកិច្ចការងារនេះយើងអនុវត្តជោគជ័យនូវជំហានមួយគឺការប្រឡងមន្ត្រីបច្ចេកទេសកសិកម្មចំនួន ២៥០នាក់ និងបានដាក់ពង្រាយ ជំហានដំបូងនៅតាមបណ្តាឃុំសង្កាត់មួយចំនួននៅទូទាំងប្រទេស ហើយយើងកំណត់គោលដៅ ៨០០ឃុំ-សង្កាត់ទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤។

សម្តេចមានប្រសាសន៍បន្ថែមទៀតថា ក្រៅពីគោលនិយោបាយអទិភាព៦ចំណុចនេះ រាជរដ្ឋាភិបាលថ្មីក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន ក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈ មួយប្រកបដោយចីវភាព និងសមិទ្ធកម្ម។

នៅក្នុងវិធានគន្លឹះទាំង៥នោះ រួមមាន៖
១. វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ។ នៅក្នុងរយៈពេល៦ខែនេះ យើងបានធ្វើកិច្ចមួយចំនួននៅក្នុងនោះ (១).ជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មី ដែលបានចេញអនុក្រឹត្យដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ (SOP)  ស្តីពីការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងគោលដៅកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ, (២.) យើងបាននិងកំពុង រៀបចំសេចក្ដីណែនាំស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារ និងប្រតិបត្តិការរដ្ឋបាលសាធារណៈ ក្នុងគោលដៅឆ្ពោះទៅរកការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន (៣.)បាននិងកំពុងរៀបចំប្រមូលទិន្នន័យពាក់ព័ន្ធនិងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅឆ្ពោះទៅរកការកែលម្អប្រព័ន្ធលើកទឹកចិត្តគាំទ្យសមិទ្ធកម្ម និង(៤.) កំពុងរៀបចំសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ ២០២៤-២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ។

២. វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យអប់រំ។ ចំពោះកិច្ចការងារនេះយើង ៖ (១.) បានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) និង លេខាធិការដ្ឋានគណៈកម្មការកែទម្រង់វិស័យអប់រំ (២.) កំពុងចុះជ្រើសរើសសាលារៀនគោលដៅ ចំនួន៥០ កម្រិតបឋមសិក្សា នៅបណ្តារាជធានី ខេត្តចំនួន៩ សម្រាប់ការ អនុវត្តជំហានដំបូង ដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សា ចំនួន២ម៉ោងបន្ថែម រួមមាន វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត/សហគមន៍ ការចូលរួមពីសហគមន៍ និងវត្តអារាម, និង (៣.) កំពុងត្រៀមរៀបចំប្រកាសឱ្យអនុវត្តជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះនៅការចាប់ផ្តមអនុវត្តគម្រោងនេះ។

៣. វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យសុខាភិបាល។ នៅក្នុងរយៈពេល៦ខែនេះយើងបាន ៖ (១.) បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងសុខាភិបាល (គ.វ.ស.) (២.) កំពុងធ្វើបច្ចុប្បន្នភាពបុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ និងមន្ទីរពេទ្យបង្អែកកម្រិត២ ក្នុងគោលដៅកំណត់តម្រូវការមន្ត្រី សម្រាប់ការជ្រើសរើស និង ពង្រាយ ដើម្បីធានាសេវា២៤ម៉ោង/៧ថ្ងៃក្នុងមួយសប្តាហ៍ និង (៣.) កំពុងរៀបចំផែនការចំណាយ ក្នុងគោលដៅផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារ ចាំបាច់សម្រាប់មណ្ឌលសុខភាព រួមទាំងពិនិត្យលទ្ធភាពនៅក្នុងការបង្កើននូវថ្នាំចាំបាច់មួយចំនួន ដូចជាថ្នាំលើសឈាមជាដើម។

៤. វិធានការគន្លឹះ ក្នុងការលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលជាកិច្ចការសំខាន់មួយរបស់យើង។ ហើយក្នុង៦ខែនេះ៖ (១.) យើងបានកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដែលមានបុគ្គលរៀបចំកម្រិតឧបនាយករដ្ឋមន្រ្តី៤ស្ថាប័ននៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន, (២.) បានដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ និងបង្កើតគណៈបញ្ជាការអនុវត្តយុទ្ធនាការ  (៣.) បានដាក់ចេញនូវបទបញ្ជា ០១ បប ចុះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាបទបញ្ជាដាច់ខាត (Zero Tolerance) សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួង-ស្ថាប័ន  រដ្ឋបាលថ្នាក់ ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (៤.) បានចាត់វិធានការបញ្ចប់មុខដំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់ ឬ មានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និង (៥.) បានបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណល្បែងផ្សងសំណាងថ្មី និងបិទទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលគ្មានអាជ្ញជាប័ណ្ណ ហើយបានប្រជុំពិនិត្យវាយតម្លៃដើម្បីសម្រេចលើគោលការណ៍គ្រប់គ្រងល្បែងផ្សងសំណាងនេះដើម្បីកុំឱ្យរីករាលនៅតាមមូលដ្ឋាន។

៥. វិធានការគន្លឹះ ក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ប្រព័ន្ធយុត្តិធម៌។ កិច្ចការងារនេះយើងបាន៖ (១.) បង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.), (២.) យុទ្ធនាការចំនួន២ ត្រូវបានដាក់ចេញ៖ ទី១. យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងទី២. យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ), (៣.) ការរៀបចំឡើងវិញនូវគណៈកម្មាធិការដឹកនាំការ កែទម្រង់វិស័យយុត្តិធម៌ និង(៤.) ការបង្កើតគណៈកម្មាធិការដឹកនាំការក ទម្រង់ច្បាប់៕