ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧត្តមប្រិយ៍ជា មានតម្លៃជាង២៧ម៉ឺនដុល្លារ ត្រូវកាត់ខ្សែបូ កាត់ឬសីមា និងសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧត្តមប្រិយ៍ជា (ហៅវត្តប្រាបប្រជា) ដែលស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលបានកសាងអស់រយៈពេលជាង១៣ឆ្នាំ ទើបរួចរាល់ជាស្ថាពរ ដោយចំណាយថវិកាសរុបប្រមាណជាង២៧ម៉ឺនដុល្លារអាមេរិកនោះ, ត្រូវបាន ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញកាត់ខ្សែបូ កាត់ឬសីមា និងសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។

លោក សំ ណារិទ្ធ អភិបាលស្រុកតាលោ សែនជ័យ បានជម្រាបជូនថា អំពីរបាយការណ៍ ស្តីពីការសាងសង់ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧត្តមប្រិយ៍ជា (ហៅវត្តប្រាបប្រជា) ដឹកនាំកសាងដោយព្រះចៅអធិការ ព្រះនាម គឹម ចន្ថា កសាងបានត្រឹមគ្រឹះព្រះវិហារ ក្រោយមកព្រះអង្គក៏និមន្តទៅសិក្សាបន្ត។ លុះឆ្នាំ២០១១ ព្រះគ្រូចៅអធិការ ព្រះនាម កុក សៀង បានបន្តកសាងបានប្រមាណជា៤០% បន្តមកដល់ឆ្នាំ២០១៣ ព្រះអង្គបានលាចាកសិក្ខាបទ។ នៅឆ្នាំ២០១៤ ព្រះគ្រូចៅអធិការ ព្រះនាម លឿង ចាន់ថា បានដឹកនាំកសាងបន្ត រហូតដល់ឆ្នាំ២០២០ កសាងព្រះវិហារ បានប្រមាណ៩០% រួចក៏លាចាកសិក្ខាបទ នៅឆ្នាំ២០២០។

លោកអភិបាលស្រុកបន្តថា ចាប់ពីឆ្នាំ២០២០ ព្រះគ្រូចៅអធិការ ព្រះនាម កុក សៀង ក៏បានដឹកនាំកសាងបន្ត ជាមួយព្រះសង្ឃ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ដើម្បីបង្ហើយនូវព្រះវិហារ បានរួចរាល់នៅខែឧសភា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណជាង២៧ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងនាពេលនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវការផ្តាំផ្ញើ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តែងការកោតសរសើរដល់ក្រុមការងារ សប្បុរសជន ព្រះសង្ឃ ក្នុង និងក្រៅប្រទេស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំណុះជើងវត្តទាំងអស់ ដែលបានរួមសាមគ្គីគ្នា កសាងបាននូវសមិទ្ធិផលជាច្រើន និងបានធ្វើពិធីបុណ្យសម្ពោធឆ្លង ជាប្រយោជន៍រួមទាំងអស់គ្នា។ ការកសាងនូវសមិទ្ធិផល ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ទាមទាជាចាំបាច់ ឱ្យមានការចូលរួម និងការសាមគ្គីគ្នា ទើបសមិទ្ធិផលនោះបានរួចរាល់ឆាប់រហ័ស។

ជាក់ស្តែង ដូចជាព្រះវិហារថ្មី បានចេញលេចធ្លោរឡើងនៅចំពោះមុខយើងទាំងអស់គ្នានេះ គឺពិតជាបានមកពីការចូលរួម ពីសប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី និងគួបផ្សំ ទៅនឹង សង្គមជាតិយើងទាំងមូល មានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបានថ្លែងថា ព្រះវិហារនេះកសាងយូរឆ្នាំណាស់ទើបរួចរាល់ ហើយយើងពិតជារីករាយសាទរណាស់ ចំពោះសមិទ្ធិផល នៅក្នុងវត្តឧត្តមប្រិយ៍ជា «ហៅវត្តប្រាបប្រជា» ព្រោះជាមនុញ្ញផល បានមកពីទឹកចិត្ត សទ្ធាជ្រះថ្លា និងជឿជាក់ចំពោះសាសនា ហេតុនេះសូមអំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមថែរក្សាទុកជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទាំងផ្លូវលោក និងផ្លូវធម៌។

នៅក្នុងឱកាសនោះឯកឧត្តម ខូយ រីដា ក៏បានប្រគេន និងចែកជូនប័ណ្ណថ្លែងអំណរគុណ ជូនដល់ព្រះគ្រូចៅអធិការវត្ត និងសប្បុររសជន ព្រមទាំងបានចូលរួមថវិកាបុណ្យ៥លានរៀល និងបានអញ្ជើញកាត់ខ្សែបូរ កាត់ឬសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផល ក្នុងវត្តជាផ្លូវការផងដែរ៕