សម្តេចតេជោសែន វិលត្រឡប់ដល់កម្ពុជាវិញ ជាមួយនឹងផ្លែផ្កានៃកិច្ចប្រជុំឡានឆាង-មេគង្គ


Mekong 25 03 16 2 copy

     សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន ​និង​គណៈ​ប្រតិភូ បាន​អញ្ជើញ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ក្រោយ​ការ​បញ្ចប់​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ឡាន​ឆាង-មេគង្គ​លើក​ទី១​… និង​ចូល​រួម​សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៦ ​នៃ​វេទិកា​បូ​អាវ​សំរាប់​អាស៊ី​ ។

     កិច្ច​ប្រជុំ​កំពូល​ឡាន​ឆាង-មេគង្គ​លើក​ទី​១​ គឺ​ជាប់​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​៦ ​ដែល​ស្ថិត​តាម​បណ្តោយ​ទន្លេ​មេគង្គ​… និង​វេទិកា​បូ​អាវ​សំរាប់​អាស៊ី គឺ​ជា​វេទិកា​សំខាន់​បំផុត​សំរាប់​ទ្វីប​អាស៊ី​ ក្នុង​ការ​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​ទស្សន: ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច សង្គម​… បរិស្ថាន និង​បញ្ហា​បន្ទាន់​ផ្សេងៗ​ទៀត​ ។

     សម្តេច​តេ​ជោ​សែន ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ទាំង​២ ក្នុង​ប្រទេស​ចិន បាន​ថ្លែង​សុន្ទរ​កថា​២​ ដាច់​ដោយ​ឡែក​ពី​គ្នា​​គឺៈ ​ទី​១ សុន្ទរ​កថា «​ការ​ចែក​រំលែក​ទន្លេ​… ការ​ចែក​រំលែក​អនាគត​» និង​សុន្ទរ​កថា​ មួយ​ទៀត​គឺ «​អនាគត​ថ្មី​របស់​អាស៊ី៖ កម្លាំង​ចលករ​ថ្មី និង​ចក្ខុ​វិស័យ​ថ្មី​» ។

     ឯកសារ​ចំនួន​៣ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​មេ​ដឹក​នាំ​ទាំង​៦​នៃ​ប្រទេស​តាម ដង​ទន្លេ​មេ​គង្គ គឺ​ប្រទេស​ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​ ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍ និង​សេចក្តី​ប្រកាស​រួម ទី​ក្រុង​សាន​យ៉ា ដែល​មាន​គោល​ដៅ​ចំនួន​ ២៦​ចំណុច ក្នុង​ការ​ពង្រឹង កិច្ច​សហ​ប្រតិបត្តិ​ការ នៃ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ។ សម្តេច​តេជោ បាន​គាំទ្រ ចំពោះ ការ​រៀប​ចំ​ឲ្យ​មាន កិច្ច​ប្រជុំ​កំពូល មេគង្គ​-​ឡាន​ឆាង ២​ឆ្នាំ​ម្តង ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​កិច្ច​ប្រជុំ កំពូល​មេ​គង្គ-ឡាន​ឆាង នៅ​ឆ្នាំ​ ២០១៨ ​ខាង​មុខ​ ។

     ក្នុង​ការ​ឯក​ភាព​ក្នុង​គម្រោង​មេ​គង្គ ឡាន​ឆាង នាយក​រដ្ឋ​មន្ត្រី​ចិន បាន​ផ្តល់​នូវ​ទឹក​ប្រាក់​ចំនួន ១០​ពាន់​លាន​យ័ន សម្រាប់​ប្រើ​ប្រាស់ ក្នុង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​មេ​គង្គ ឡាន​ឆាង និង ​១០​ពាន់​លាន​ដុល្លារ​ ផ្សេង​ទៀត ក្នុង​នោះ​ទឹក​ប្រាក់ ចំនួន ៥​ពាន់​លាន​ដុល្លា សម្រាប់​ការ​ទិញ​ទំនិញ និង​ ៥​ពាន់​លាន​ដុល្លា ​ផ្សេង​ទៀត ជា​មូល​និធិ​ពិសេស សម្រាប់​ប្រើ​ប្រាស់​ក្នុង​ក្រប​ខណ្ឌ ​នៃ​ប្រ​ទេស​មេ​គង្គ ឡាន​ឆាង​ ។ ជា​មួយ​គ្នា​នេះ ប្រ​ទេស​ចិន បាន​សន្យា​ផ្តល់​ថវិកា ២៥០​លាន​ដុល្លារ សម្រាប់ កិច្ច​សហ​ប្រ​តិបត្តិ​ការ​ប្រ​ទេស​ត្បូង​-​ត្បូង​ ។ ប្រ​ទេស​ចិន បាន​ប្រ​កាស ផ្តល់​អាហា​រូប​ករណ៍ ដល់​និស្សិត​នៃ​ប្រ​ទេស​មេ​គង្គ​ទាំង​៥ ដែល​មាន​ចំនួន រហូត​ដល់​ ១​ម៉ឺន ​៨​ពាន់ ​អាហា​រូប​ករណ៍ និង​ ៥​ពាន់​អាហា​រូប​ករណ៍ផ្សេង​ទៀត សម្រាប់​ការ​បណ្តុះ បណ្តាល​ធន​ធាន​មនុស្ស​ ។

     ក្នុង​ដំណើរ​ទស្សន​កិច្ច​ក្នុង​ប្រ​ទេស​ចិន​នោះ​ផង​ដែរ សម្តេច​តេជោ​សែន បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​នឹង​ឧប​នាយក​រដ្ឋ​មន្ត្រី​នៃ​សហព័ន្ធ​រុស្ស៊ី ឯក​ឧត្តម អាកាឌី វ្លាឌីមៀរ៉ូវីច្ឆ ដ្វូកូវិច និង​ជួប​ផ្សេង​ទៀត​ជា​មួយ ឯកឧត្តម លី កឺឈាង នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ផង​ដែរ​ ។ សម្តេច​តេជោ និង​ឧប​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​នៃ​ប្រ​ទេស​ទាំង​ពីរ​កម្ពុជា​រុស្ស៊ី ដែល​បាន​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ លើ​ការ​ដោះ​ស្រាយ​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់ ពោល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​បំណុល​កម្ពុជា​ពី​អតីត​កាល ត្រូវ​បាន​ដោះ​ស្រាយ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ តាម​រយៈ​ការ​ប្រែ​ក្លាយ​បំណុល មក​ជា​ការ​វិនិយោគ នៅ​ក្នុង ប្រ​ទេស​កម្ពុជា ​។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ថា អ្វី​ដែល​សម្តេច និង​ប្រជា​ជន​កម្ពុជា ចង់​បាន​នោះ គឺ​ការ​ខិតខំ​ដោះ​ស្រាយ​បំណុល​ទាំង​អស់​នោះ ឲ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

     ក្នុង​ជំនួប​ជា​មួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​ចិន ឯក​ឧត្ដម​នាយក​រដ្ឋ​មន្ត្រី​ចិន លី កឺឈាង បាន​ថ្លែង​ថា ដោយ​សារ​តែ ជំនឿ​និង​កំរិត​នយោបាយ នៃ​ប្រ​ទេស​ទាំង​ពីរ​កម្ពុជា ចិន កាន់​តែ​មាន​សន្ទុះ​កើន​ឡើង​ខ្ពស់​នោះ ចិន​នឹង​ពង្រីក កិច្ច​សហ​ប្រ​តិបត្តិ​ការ ជា​មួយ​ប្រ​ទេស​កម្ពុជា ឲ្យ​កាន់​តែ​រឹង មាំ​ទ្វេ​ឡើង​ថែម​ទៀត ពិសេស​ក្នុង​ក្រប​ខណ្ឌ ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដែល​ប្រ​ទេស​ទាំង​២​បាន​រួម​គ្នា​បង្កើត​ឡើង​ ។ នាយក​រដ្ឋ​មន្ត្រី​ចិន បាន​បញ្ជាក់​ថា ភាគី​ចិន​នឹង​បន្ត​ជួយ​ដល់​គំរោង​នានា​ដែល​កម្ពុជា បាន​ស្នើ​ឡើង ពិសេស​ទៅ​ទៀត​នោះ រដ្ឋា​ភិបាល​ចិន នឹង​លើក​ទឹក​ចិត្ត ឲ្យ​ក្រុម​ហ៊ុន​ចិន មក​បណ្ដាក់​ទុន​ក្នុង​ប្រ​ទេស​កម្ពុជា ដែល​ក្នុង​នេះ​ដែរ នាយក​រដ្ឋ​មន្ត្រី​ចិន ក៏​សុំ​ស្នើ​ភាគី​កម្ពុជា ផ្តល់​នូវ​កត្តា​អំណោយ​ផល​ដល់​ក្រុម​ហ៊ុន​ចិន​ដែល​បាន ​និង​កំពុង​បណ្តាក់​ទុន ក្នុង​ប្រ​ទេស​កម្ពុជា ​។

     ឯក​ឧត្តម លីខឺឈាង បាន​មាន​ប្រសាសន៍​គាំទ្រ​រាល់​គម្រោង​របស់​កម្ពុជា ​។ សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​ទំហំ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា​ និង​ចិន ដែល​បច្ចុប្បន្ន​មាន​៤៣០០​លាន​ដុល្លារ និង​សង្ឃឹម​ថា​ឆ្នាំ​ ២០១៧ ​នឹង​កើន​ដល់​ ៥០០០​លាន​ដុល្លារ​

     ពាក់​ព័ន្ធ​នឹង​ការ​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ ឯកឧត្ដម​នាយក​រដ្ឋ​មន្ត្រី​ចិន មាន ប្រ​សាសន៍​ថា ភាគី​ចិន សំដែង​នូវ​សេចក្ដី​រីករាយ​ក្នុង​ការ​ជួយ​ដល់​គម្រោង ជួស​ជុល​ឡើង​វិញ នូវ ប្រាសាទ​ព្រះ​វិហារ ពោល គឺ​ជួយ​ទាំង​បច្ចេក​ទេស និង​ជួយ​ទាំង​ហិរញ្ញ​វត្ថុ​ដល់​គម្រោង​ទាំង​មូល​៕

Mekong 25 03 16 3 copy  Mekong 25 03 16 4 copy

Mekong 25 03 16 5 copy  Mekong 25 03 16 6 copy