ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងក្រចេះ អញ្ជើញក្នុងវេទិកាសាធារណៈ នៅសង្កាត់អូឬស្សី ដើម្បីត្រួតពិនិត្យគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១


(ក្រចេះ)៖ រដ្ឋបាលក្រុងក្រចេះ បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ក្រោមអធិបតីភាពឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ និងលោក ហេង សុថា អភិបាល រងខេត្តក្រចេះ និងមានការចូលរួមពីអាជ្ញាធមូលដ្ឋានក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាង២០០នាក់ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណ វត្តមុនីរង្សីវេស្សវ័ណ ហៅវត្តការប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

ឯកឧត្តម គឹម គុណវឌ្ឍន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងក្រចេះ ដើម្បីចង់ដឹងសុខទុក្ខក្តីទុក្ខកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងក្រចេះ និងដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋ ដែលបានអញ្ជើញចូលរួមបានលើក ឡើងពីក្តីកង្វល់សំណូមពរដែលពួកគាត់ចង់ស្នើសុំ ដល់អាជ្ញាធរឲ្យជួយរកដំណេះស្រាយណាមួយ ដែលសមស្រប និងទទួលយកបាន។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានឡើងស្នើសុំឲ្យអាជ្ញាធរ ជួយរួមមាន៖ ចំនួន១២ករណី ពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងនោះប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងក្រចេះ ឯកឧត្តម គឹម គុណវឌ្ឍន៍ រួមនឹងមន្រ្តីជំនាញ អាជ្ញាធរ សង្កាត់ ក្រុង បានធ្វើការដោះស្រាយជូនពលរដ្ឋ ក្នុងអង្គវេទិកាសាធារណៈ បានចំនួន៨ករណី ដោយឡែក ៤ករណីទៀត ត្រូវបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងស្ថាប័ន ដើម្បីពិនិត្យ និងដោះស្រាយជូននៅពេលក្រោយ។

ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមទៀតថា ការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលនេះ ដើម្បីផ្សារភ្ជាប់ការទំនាក់ទំនង និងស្តាប់ អំពីតម្រូវការសំណូមពរ និងបញ្ហាប្រឈម ក្តីកង្វល់នានា ដែលពួកគាត់បានជួបប្រទះ នាពេលកន្លងមក ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តរួមទាំងអាជ្ញាធរមូលដ្ឋាន សហការគ្នាក្នុងការដោះស្រាយជូនបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជំរុញដល់បងប្អូនពលរដ្ឋគួរតែធ្វើបណ្ណ័សមធម៌ (ប.ស.ស) ឲ្យបានគ្រប់ៗគ្នាព្រោះប័ណ្ណនេះ មានអត្ថប្រយោជន៍ច្រើន ពិសេសនៅពេលបងប្អូន មានជំងឺដង្កាត់ផ្សេងៗ ត្រូវសម្រាក់ព្យាបាលតែបើយើងពុំមានប័ណ្ណ (ប.ស.ស) នោះទេ យើងត្រូវការចំណាយថវិកាទៅលើថ្លៃការព្យាបាលជំងឺរបស់យើង។

ដោយឡែក ប្រសិនជាយើងមានប័ណ្ណសមធម៌ (ប.ស.ស) ហើយនោះ វាបានជួយសម្រួលបន្ទក់ថ្លៃចំណាយ ទៅលើការពិនិត្យ និងព្យាបាលជំងឺរបស់បងប្អូនបានច្រើន នៅតាមមន្ទីរពេទ្យបង្អែករដ្ឋ ទូទាំងប្រទេសកម្ពុជាយើង ឬក៏តាមក្លីនិកឯកជនមួយចំនួន ដែលបានសហការដៃគូជាមួយខាងរបបបេឡាសន្តិសុខសង្គម៕