រដ្ឋសភានឹងបង្ហាញលទ្ធផលការងារបម្រើពលរដ្ឋ នៅក្នុងរយៈពេលបីខែចុងក្រោយ នៅថ្ងៃចន្ទស្អែក ក្នុងពេលបើកសម័យប្រជុំលើកទី២ នីតិកាលទី៧


រដ្ឋសភានឹងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី១មេសា ឆ្នាំ២០២៤ ស្អែក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

មានរបៀបវារៈចំនួនពីរ ក្នុងពេលបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២៖ របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។

សូមជម្រាបថា រដ្ឋសភាបើកសម័យប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែហើយ នៅក្នុងចន្លោះសម័យប្រជុំរដ្ឋសភានីមួយៗ ក៏មានរយៈពេលបីខែដែរ។

គេបានដឹងថា នៅចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងលើកទី២ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម លើមុខងារទំាងបី មានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងប្រជា ពលរដ្ឋ។ ក្រៅពីនោះរដ្ឋសភា បានបំពេញការងារជាច្រើនទៀត ដូចជាវិស័យការទូតសភា ការងារសង្គម សាសនា និងមនុស្សធម៌ ផងដែរ។

និយាយពីការងារនីតិកម្ម ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងលើកទី២នេះ រដ្ឋសភាបានបើកសម័យប្រជុំជាវិសាមញ្ញចំនួនពីរលើក ដែលសម្រេច បានលទ្ធផលធំៗដូចជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប រួមមាន លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប គឺៈ លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ និងបានពិនិត្យសិក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ផងដែរ៕