លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ប្រារព្ធពិធីបែបព្រះពុទ្ធសាសនា រាប់បាត្រព្រះសង្ឃ ១០៨អង្គ និងចែកទានជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត នៅស្រុកត្រាំកក់ ខេត្តតាកែវ


លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំងបុត្រ បងប្អូនប្រុស-ស្រី បានប្រារព្ធពិធីបែបព្រះពុទ្ធសាសនា ដែលស្ថិតនៅស្ថិភូមិជ្រៃយោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន។

ក្នុងពិធីបែបព្រះពុទ្ធសាសនានេះ ក៏មានពិធីរាប់បាត្រព្រះសង្ឃ ១០៨អង្គ និងមានការចែកទានជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតជាច្រើនរយនាក់ផងដែរ ដែលប្រព្រឹត្ដទៅមុខ ប្រាង្គចេតិយ ឧបាសក អ៊ុក ម៉ៅ និងឧបាសិកា ណុប ទូច ដែលមាតា បិតា បង្កើតរបស់លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី​ ដែលជាទឹកដីស្រុកកំណើត។

ជាងរៀងរាល់ឆ្នាំ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងឯកឧត្តមតំណាងរាស្ដ្រ ម៉ា ឈឿន តែងតែប្រារព្ធពិធិបែបព្រះពុទ្ធសាសនានេះ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ប្រជាជនទូទាំងប្រទេសកម្ពុជា ទាំងក្នុង និងក្រៅប្រទេស​ សូមជួបតែសំណាងល្អ ជួបតែសេចក្ដីសុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ ក្រោមម្លប់នៃសុខសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រោះថាបើប្រទេសយើងគ្មានសន្ដិភាពទេ ក៏មិនមានការអភិវឌ្ឍន៍ដែរ ហើយបើមិនមានសន្ដិភាពទេ ក៏មិនមានអ្វីទាំងអស់ដូចបច្ចុប្បន្ននេះដែរ ជាក់ស្ដែងគឺវិស័យព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃ ដែលយើងកំពុងតែប្រារព្ធធ្វើនៅពេលនេះ។

ក្នុងពិធីបែបព្រះពុទ្ធសាសនានេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ បានឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធ មាតា បិតាបង្កើត និងមាតា បិតាក្មេក បងប្អូនសាច់ញាតិដែលបានចែកឋាន បានទៅកាន់សុគតិភព។

សូមជម្រាបថា ពិធីបុណ្យរាប់បាត្រព្រះសង្ឃ ១០៨ ដែលបានធ្វើឡើងនៅភូមិកំណើតរបស់លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ដែលស្ថិតនៅស្ថិភូមិជ្រៃយោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលប្រព្រឹត្ដទៅចំនួន ២ថ្ងៃទី៣០-៣១ ខែមីនា​ ឆ្នាំ២០២៤ ដោយមានពិធីសែនក្រុងពាលី សុំម្ចាស់ទឹកដី ពិធីធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ដ​ និងនិមន្ដធម្មកឋិកសម្ដែងធម៌ទេសនា បន្ដមកពិសារអាហារពេលល្ងាច ។

លុះព្រឹកឡើងមានប្រគេនយាគូរដល់ព្រះសង្ឃ នមស្សការ សមាទានសីល វេរភត្ដាហារ និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ និងពិសាអាហារថ្ងៃត្រង់ជុំគ្នា ពោរពេញដោយភាពសប្បាយរីករាយ។ ជាមួយគ្នានោះដែរ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងកូនចៅ ក៏បានជូនថវិកាដល់លោកតា លោកយាយ និងពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួម ក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ៕