សម្ពោធឆ្លងកុដិ និងរបងវត្តសំពៅមាសកែវនិមិត្ត! អភិបាលខេត្តព្រះវិហារ អំពាវនាវរៀបចំសោភ័ណ​ភាពត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី


សមិទ្ធផលជាច្រើនក្នុងវត្តសំពៅមាសកែវនិមិត្ត ហៅវត្តក្វាំង ស្ថិតនៅភូមិ​ប៉ាល​ហាល ឃុំរីរាយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសម្ពោធឆ្លង ដើម្បីបម្រើការគោរព​ប្រណិ​ប័តន៍​តាមគន្លងព្រះពុទ្ធសាសនា នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។

ពិធីសម្ពោធឆ្លងសមិទ្ធផលក្នុងវត្តសំពៅមាសកែវនិមិត្ត ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ ផុង ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម គង់ លីវ៉ា ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ព្រមទាំងមន្ត្រីរាជការ មកពីតាមមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូល​ដ្ឋាន ព្រះ​សង្ឃ ពុទ្ធបរិស័ទជិត ឆ្ងាយ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះព្រះតេជគុណ ប៊ុត សុភា ព្រះចៅអធិការវត្តសំពៅមាសកែវនិមិត្ត ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មា​ការ​វត្ត សប្បុរសជន ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ ដែលខិតខំយកអស់ព្រះ​កាយ​ពល បញ្ញាញាណ ធនធានចូលរួមចំណែកក្នុងការកសាងឡើងនូវសមិទ្ធិផលនានា​ជាច្រើន​នៅ​ក្នុងវត្ត គួរជាទីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យសន្សំកុសល តាមផ្លូវព្រះពុទ្ធសាសនា​។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានឆ្លៀតគូសរំលេចពីភាពរីកចម្រើនរបស់​ប្រទេស​ជាតិ​ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅ ក្រោយប្រទេសរំដោះចេញពីរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នសមិទ្ធផលទាំងឡាយដែលកសាងឡើងដោយ​សម្តេច​តេជោ កំពុងបន្តថែរក្សាយ៉ាងខ្ជាប់ខ្ជួនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន។ មិនត្រឹមតែថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលចាស់ប៉ុណ្ណោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញគោលនយោបាយ និងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសជាតិ។

ឯកឧត្តម គីម រិទ្ធី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ​ទាំង​អស់ រួមគ្នាចូលរួមពង្រឹង និងពង្រីកលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ អនុសាសន៍នោះរួមមាន៖
* ព្រះសង្ឃ គណៈកម្មាការ តាជី យាយជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព​ផ្តៃ​ក្នុង សហការអនុវត្តតួនាទី ភាររកិច្ច តាមព្រះវិន័យ ឋានានុក្រម ដើម្បីពង្រឹងនូវឯកភាពក្នុង​ស្ថាប័នព្រះពុទ្ធសាសនា។

* ប្រកាន់កិច្ចសហប្រតិបត្តិការល្អថែមទៀត ជាមួយមន្ទីរធម្មការនិងសាសនាខេត្ត អាជ្ញាធរ ស្រុក ឃុំ ភូមិ ដើម្បីសហការបំពេញការងារ ឱ្យកាន់តែទទួលលទ្ធផលល្អ ប្រកបដោយការ​យោគ​យល់គ្នា និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

* មន្ទីរធម្មការនិងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាព​សាលាពុទ្ធិកគ្រប់កម្រិត ឱ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៍ភាសាបាលី ភាសាសំស្រ្កឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយដ៏ល្អ។

* តាមរយហព្រះពុទ្ធសាសនា សូមជំរុញការផ្សព្វផ្សាយទប់ស្កាត់បញ្ហាគ្រឿងញៀន ការ​គោរព​ច្បាប់ចរាចរណ៍ ការប្រតិបត្តិអំពើល្អ ការទន្ទ្រានដីធ្លី សីលធម៍ក្នុងការរស់នៅ តាមរយៈការ​បញ្ជ្រាប​ព្រះធម៌​ទេសនា ការអប់រំតាមសាលារៀន តាមសហគមន៍។

* ផ្សព្វផ្សាយរៀបចំសោភ័ណភាពទីសាធារណៈ វត្តអារាម និងទីសក្ការៈបូជា លំនៅដ្ឋាន ដើម្បី​ត្រៀមអបអរសាទរពិធីបុណ្យចូឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

* ណែនាំផ្សព្វផ្សាយសាធារណជន ក្នុងការទប់ស្កាត់ការលេងល្បែងសុីសង ការលែងជះទឹក លាបឃ្យូង និងសកម្មភាពបង្ករ អាណាធិបតេយ្យ អសន្តិសុខ សណ្តាប់ធ្នាប់ទីសាធារណៈ ជា​ពិសេខនៅក្ន្ងការអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ៕