តបតាមអនុសាសន៍សម្ដេចធិបតី! អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ចុះសម្របសម្រួលជូនពលករខ្មែរដែលបំពេញបែបបទចូលប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានច្រកទ្វារអន្ដរជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចុះដឹកនាំការសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរ ដែលបំពេញបែបបទឯកសារដើម្បីវិលត្រឡប់ចូលប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តបតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្កលក្ខណងាយស្រួលដល់ពួកគាត់។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងបេសកកម្មដឹកនាំក្រុមការងារសម្របសម្រួលរបស់ ឯកឧត្តម អ៊ុំ រាត្រីនេះ គឺបានចូលដល់ក្នុងទឹកដីប្រទេសថៃ ពោលនៅខាងច្រកទ្វារអន្ដរជាតិរបស់ថៃតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបំពេញបែបបទផ្សេងៗ ប្រព្រឹត្តទៅដោយរលូន និងមានភាពឆាប់រហ័ស។ ម្យ៉ាងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយក្ដីសប្បាយរីករាយ និងមានភាពកក់ក្ដៅ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា គិតចាប់ពីម៉ោង៧ព្រឹក រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសានេះ ក្រុមការងារបានសម្របសម្រួលជូនពលករដែលត្រឡប់ចូលប្រទេសកម្ពុជាវិញ បានចំនួន១,៤០០នាក់ ខណៈចំនួននេះនឹងកើនឡើងជាបន្ដបន្ទាប់ គ្រាដែលពួកគាត់កំពុងធ្វើដំណើរមកជាហូរហែរផងដែរ។

សូមរំលឹកថា ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច សូមយកចិត្តទុកដាក់សម្រួល ដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពរលូន មិនកក់ស្ទះ បន្ថែមពីនេះសូមកុំយកកម្រៃលើសេវាកម្មផ្សេងៗ ពីប្រជាពលរដ្ឋ សូមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មកកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានភាពសប្បាយរីករាយ។

លើយតបតាមសំណូមពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ បានអនុញ្ញាតលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករ កម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទ អ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕