ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូច ការពារព្រំដែនលេខ៧៩៣ ដែលកំពុងឈរជើងការពារទឹកដី ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន២ នោះគឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព ចំនួន៤អង្គភាព បន្ថែមទៀត។

តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោច ណាស់ យើងបានរៀបចំព្រឹត្តិការណ៍២ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកា ឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

សំរាប់ពេលនេះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ សម្រាប់អង្គភាពនីមួយៗ ដែលរួមមាន ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង ជែលលាងដៃ និងថវិកាកសាងមួយចំនួន ដើម្បីប្រគល់ជូនដល់បណ្តាអង្គភាពជួរមុខនីមួយៗ។ ក្នុងនោះជូន៖

*ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ ស៊ីម៉ង់ ដែក ថ្ម ខ្សាច់សរុបទឹកប្រាក់ ចំនួន ៣១.០០០$ សម្រាប់ កសាងទំនប់ទឹក ស្ថិតនៅ ភូមិសាស្ត្រមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឧបត្ថម្ភ សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៤០.០០០.០០០៛ សាងសង់រោងដាក់រថយន្ត សង់អាងស្តុកទឹក ស្មើនឹងថវិកាចំនួន ២៧.០៤៥$ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថម្ភជូនវរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ ស័ង្កសី ស៊ីម៉ង់ត៍សរុបទឹកប្រាក់ចំនួន ៥.០០០$ សម្រាប់ជួសជុលអគារស្នាក់នៅរបស់នគរបាល ដែលមានសភាពចាស់ទ្រុឌទ្រោម ជាមួយនឹងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។
*ឧបត្ថមយោធភូមិភាគ១ ថវិកា ចំនួន៥.០០០.០០០៛។
*ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៤០.០០០.០០០៛ ម៉ាស៊ីនថតរូប១គ្រឿង និងសម្ភារៈបំពាក់បន្ថែម ស្មើនឹងទឹកប្រាក់ចំនួន ១១.០៧០.០០០៛ – ត្រាក់ទ័រ ១គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន ១៣៦.៩៥០.០០០៛ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថមជូនវរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ ។
*ជូនសាលាស្រុក សៀមប៉ាង ថវិកា ចំនួន ២.០០០.០០០៛
*ផ្នែកសឹករង ស្រុកសៀមប៉ាង ថវិកា ចំនួន ១.០០០.០០០៛
*សាលាឃុំ ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛
*ប៉ុស្តិ៍នគរបាលរដ្ឋបាល ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛
*វត្តនៅស្រុកសៀមប៉ាង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន៖ អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛ វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ចំនួន ១វត្ត ប្រគេន៖ អង្ករ ចំនួន ១០០ គីឡូក្រាមបច្ច័យ ចំនួន ៤.០០០.០០០៛។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានលើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុង ការដោះស្រាយ និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបឈ្នះ បង្កើនធនធានមនុស្សក្នុងជួរកងទ័ព ពង្រឹងសមត្ថភាពជំនាញ និងកសាងពង្រឹងអង្គភាពឱ្យបានរៀបរយ បង្ករលក្ខណៈឱ្យ កងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការបំពេញ កិច្ចការពារ បូរណភាពទឹកដី និងសហការ ការពារថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម។

ក្នុងពេលនេះដែរ សម្តេចបានជួយឧបត្ថម្ភជាថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ទនៈ ដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ និងកម្ពុជា-ឡាវ ទិសអូរអាឡៃ-អូរតាង៉ាវ តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី សម្រាប់ប្រើប្រាស់ ដោះស្រាយក្នុងការកសាងអង្គភាព។

លោកបន្តថា សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធ ភូមិភាគទី១ នេះជាលើកទី១៣ហើយ ដែលសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះមកសំណេះ សំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន។ ដោយឡែកសម្រាប់កងពលតូចអន្តរាមន៍លេខ១២៨ យោធភូមិភាគទី១ បានអញ្ជើញមកចំនួន ៥លើករួចមកហើយដែរ។

គួរបញ្ជាក់ថា នៅមុននៃការធ្វើពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ ពោលគឺនៅរាត្រីថ្ងៃទី៣១ ខែមីនា ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ព្រមទាំងប្រតិភូ បានជួបជុំពិសារអាហារសាមគ្គី និងរាំលេង តាមបែបប្រពៃណីខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីនៅក្នុងទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ យ៉ាងសប្បាយរីករាយ និងស្និតស្នាលផងដែរ៕