ក្រសួងអភិវឌ្ឍន៍ជនបទនៅតែបន្តខិតខំយកចិត្តទុកដាក់ជូនដល់មន្ត្រីរាជការដែលចូលនិវត្តន៍


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទដែលបានចូលនិវត្តន៍ និងពោលថា ក្រសួងអភិវឌ្ឍន៍ជនបទនៅតែបន្តខិតខំយកចិត្តទុកដាក់ជូនដល់មន្ត្រីរាជការដែលចូលនិវត្តន៍។

ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹកនិងស្រឡាញ់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអតីតមន្ត្រីរាជការក្រសួងចូលនិវត្តន៍ដែលអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការរៀបចំកម្មវិធីសំណេះសំណាលនេះឡើងក្នុងគោលបំណងសម្តែងនូវការដឹងគុណកតញ្ញូតាធម៌ដល់មន្ត្រីរាជការមុនៗ ដើម្បីជាគំរូដ៏ល្អសម្រាប់ការអនុវត្តជាប្រពៃណីនៃការបន្តវេនដល់មន្ត្រីរាជការក្រោយៗទៀត។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្ដីបានផ្តាំផ្ញើថា «ក្រសួងនឹងបន្តខិតខំយកចិត្តទុកដាក់ជូនដល់មន្ត្រីរាជការដែលចូលនិវត្តន៍ ដោយមានការរៀបចំចងក្រងសមាគមន៍មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍កសាងមូលធនមនុស្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧»

ឯកឧត្តមរដ្ឋមន្រ្ដីបន្ថែមថា អនុវត្តតាមគោលការណ៍រក្សាចាស់បង្កើនថ្មី រាជរដ្ឋាភិបាលនីតិកាលទី៧មានឆន្ទៈយ៉ាងមោះមុតក្នុងការថែរក្សាសមិទ្ធផលដែលមានស្រាប់ ដែលកើតចេញពីការចូលរួមពលីកម្មគ្រប់បែបយ៉ាងរបស់មន្ត្រីរាជការទាំងអស់រាប់ទាំងមន្ត្រីដែលបានចូលនិវត្តន៍ផងដែរ ហើយយើងនឹងខិតខំបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងឱកាសនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពោលគឺកម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិឱ្យកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព៕