ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន»​​ ត្រៀមរៀបចំនៅបរិវេណមុខព្រះរាជដំណាក់ នៅថ្ងៃចូលឆ្នាំ, ថ្ងៃនេះរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ


រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីក្រុងពាលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត ដើមី្បបួងសួងសុំនូវសេចក្តីសុខសប្បាយ បើកដំណើរការព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ ស្ថិតនៅបរិវេណមុខព្រះរាជដំណាក់ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប។

ពិធីនេះដែរ ក្រោមវត្តមានរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា មន្ត្រីរាជការជាច្រើនចូលរួមផងដែរ។

ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តជាលើកទី៣ ដែលរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត អាជ្ញាធរអប្សរា អាជ្ញាធរក្រុង ស្រុក ស្ថាប័ន និងពាក់ព័ន្ធដែលបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ។

ឯកឧត្តមបន្តថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្តនេះ គឺផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាស្ថាបនិកមគ្គុទេសក៍ឯក កសាងសន្តិភាព និងនយោបាយឈ្នះឈ្នះនៅកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំផុសឆន្ទះ បន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរ ឲ្យបានគង់វង្សតទៅអនាគត។

ឯកឧត្តម សំកុល សុចិត្រា បានបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នឹងបានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ អន្តរជាតិស្វែងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក ហើយបន្ទាប់ពីពិធីក្រុងពាលីនេះ ក្រុមការងារសៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ នឹងចាប់ផ្តើមបើកការរៀបចំ ទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួនផងដែរ។

ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះ ក្រោមប្រធានបទ «អភិរក្សមរតកខ្លែងឯកខ្មែរ» ដែលជាឱកាសដល់យុវជន ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ បានមកជួបជុំគ្នា ក្នុងនាមមហាគ្រួសារខ្មែរ ដើមី្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃសម្រាកពីការងារ ដែលនឹងចូលមកដល់នៅថ្ងៃ ៥កើត ខែចេត្រ ព.ស២៥៦៧ ឆ្នាំរោង ឆស័ក ជាទេវត្តា ដែលមានព្រះនាម ព្រះនាងមហោទរាទេវី និងយាងចុះមកនៅវេលាម៉ោង២២និង២៤នាទី នារាត្រីថ្ងៃទី១៣ មេសា ២០២៤។ ក្នុងព្រឹត្តិការណ៍នេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្ត ជាច្រើនកន្លែង មានរៀបចំពិធីសាសនា ល្បែងប្រជាប្រិយ៍ សួនកុមារ ដែលរៀបចំឡើងនៅសួនព្រះរាជដំណាក់ តាមបណ្តោយដង ស្ទឹងសៀមរាបទៅដល់ស្ពានវត្តដំណាក់។

ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត បានក្លាយទៅជាវេទិកា ក្នុងការចែករំលែកបទពិសោធន៍របស់មនុស្សជំនាន់មុននិងយុវជន ជំនាន់ក្រោយ ដែលជាយន្តការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រពៃណីជាតិខ្មែរផងដែរ។ ព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឲ្យខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីដ្ឋានវប្បធម៌ ធម្មជាតិ សំខាន់ភ្នំគូលែន បឹងទន្លេសាប ព្រមទាំងរមណីយដ្ឋានកែច្នៃ នៅតាមសហគមន៍ និងបានធ្វើការផ្សព្វផ្សាយលើកកម្ពស់អរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃមរតកដ៏វិសេសវិសាលរបស់ខ្លួន នៅលើឆាកអន្តរជាតិទៀតផង។

ឯកឧត្តមបានបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានផ្តល់ដល់ការអភិវឌ្ឍន៍លើហេដ្ឋា រចនាសម្ព័ន្ធផ្លូវ នូវផ្លូវ៣៨ខ្សែ ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ និងការកែប្រែសោភណ្ឌដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប កាប់តែធ្វើឲ្យខេត្តសៀមរាបក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ប្រកបដោយសុវត្ថិភាពផងដែរ៕