រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំមន្ត្រីបច្ចេកទេស និងមន្ត្រីសាធារណការ ត្រូវសហការគ្នា ដើម្បីថែរក្សាការងារសុវត្ថិភាពចរាចរតាមដងផ្លូវ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំមន្ត្រីបច្ចេកទេស និងមន្ត្រីសាធារណការ ត្រូវសហការគ្នា ដើម្បីថែរក្សាការងារសុវត្ថិភាពចរាចរណ៍តាមដងផ្លូវឱ្យបានល្អ។

ការណែនាំបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ត្រីសាធារណការ មានភារកិច្ចច្រើន ក្រៅពីការសាងសង់ផ្លូវ ឱ្យបានល្អ ក៏នៅការធានាសុវត្ថិភាព ការធ្វើចរាចរតាមដងផ្លូទៀត និងគិតអំពីមធ្យោបាយចរាចរណ៍នានា ដើម្បីចៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ មន្ត្រីសាធារណការ ក៏មានកម្មវិធីអប់រំ ដូចជាការប្រើប្រាស់មួកសុវត្ថិភាព និងផ្សព្វផ្សាយអប់រំផ្នែកច្បាប់ចរាចរដល់អ្នករៀនបើកបរជាដើម ដើម្បីគិតគូរដល់សុវត្ថិភាព អំពីគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា បច្ចុប្បន្នតាមបណ្ដាដងផ្លូវជាតិឃើញមានស្លាកសញ្ញាផ្សាយពាណិជ្ជកម្មផ្សេងៗ ច្រើនជាងស្លាកសញ្ញាចរាចរណ៍ ដែលទាំងនេះ គឺជាចំណុចខ្វះខាត ដែលមន្ត្រីសាធារណការយើងត្រូវគិតគូរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជារួមនៅផ្លូវជាតិកម្រិត១ មានប្រវែងជាង ២០០០គីឡូម៉ែត្រ និងផ្លូវជាតិកម្រិត២ មានប្រវែងជាង៥០០០គីឡូម៉ែត្រ ហើយការងារដាក់ស្លាកសារាចរណ៍តាមដងផ្លូវ គឺក្រសួងសាធារណការ មានអគ្គនាយកដ្ឋានបច្ចេកទេស ក៏បានជជែកពិភាក្សាគ្នា សូមធ្វើការវាយតម្លៃឱ្យបានច្បាស់លាស់ ដែលក្រសួងនឹងគិតគូរពីដំណាក់កាលជាក់ស្ដែងនៃចំណុចខ្វះខាត ពីព្រោះផ្លូវរឹងមាំទៅបានដោយសារកត្តាច្រើនយ៉ាង មានដូច៖ ជាស្លាកសញ្ញាចរាចរ កត្តាដឹកជញ្ជូនលើសទម្ងន់ ការប្រើប្រាស់លើដងផ្លូវ និងកក្តាអាកាសធាតុជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រីឯកត្តាសំខាន់មួយទៀត គឺការជួសជុលផ្លូវទៅតាមការកំណត់រយៈពេលរបស់វា ទៅតាមប្រភេទផ្លូវនីមួយៗ ដូច្នេះមន្ត្រីសាធារណការ និងមន្ត្រីបច្ចេកទេសត្រូវពិនិត្យមើល និងសហការគ្នាថែទាំផ្លូវឱ្យបានល្អ៕