មូលនិធិជាង ២ពាន់លានដុល្លារ នឹងត្រូវអនុម័តក្នុងវេទិកាភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


ថ្លែង​នៅក្នុង «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងនៅកម្ពុជា លោកស្រី Tariye Gbadegesin នាយិកាប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ (CIF) បានថ្លែងថា បន្ទាប់ពីការជួបជុំគ្នានៅក្នុងវេទិកានេះមូលនិធិ CIF ​នឹងអនុម័តមូលនិធិប្រមាណជាង ២ពាន់លានដុល្លារ អនុវត្ត​កម្មវិធីភាពជាដៃគូកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅតាមបណ្តាប្រទេសមួយចំនួន។

«កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» បានរៀបចំឡើងរយៈពេល ៤ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងធំៗចំនួន៤ គឺចែករំលែកចំណេះដឹង តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ, កសាងសមត្ថភាពលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ, កិច្ចសន្ទនាគោលនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនៈក្នុងការរៀបចំគោលនយោបាយដើម្បីគាំទ្រភាពធន់នឹងបម្រែបម្រួលអាកាសធាតុ, ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងដំណោះស្រាយ ផ្អែកលើធម្មជាតិ និង លើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងគោលដៅដោះស្រាយបញ្ហា ប្រឈមនានា។

លោកស្រី Tariye Gbadegesin បានថ្លែងបន្តថា «មូលនិធិ CIF មានបទពិសោធយ៉ាងច្រើនក្នុងការសហការជាដៃគូជាមួយបណ្ដាប្រទេសនានា និងជំរុញសកម្មភាពអាកាសធាតុ តាមរយៈការវិនិយោគ ដែលកសាងភាពធន់សម្រាប់មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសដែលងាយរងគ្រោះបំផុតដោយសារកត្តាអាកាសធាតុមួយចំនួននៅក្នុងពិភពលោក។ ដោយឡែក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក យើងមានឧទាហរណ៍ដ៏ច្រើន ដែលបង្ហាញពីជោគជ័យ ក៏ដូចជាបញ្ហាប្រឈម។ ឧទាហរណ៍ទាំងនេះ មិនមែនត្រឹមតែជាប្រអប់ សម្រាប់ធីកប៉ុណ្ណោះទេ។ ប៉ុន្តែវាជាឧទាហរណ៍ពិតជាក់ស្ដែង ពីគម្រោងពិតប្រាកដដែលផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ជីវិតរបស់មនុស្ស។ ចំណេះដឹង បទពិសោធ និងភ័ស្តុតាងទាំងនេះ ផ្តល់ឱ្យយើងទាំងអស់គ្នាលើសពីត្រឹមការយល់ដឹង ពីវិធីសាស្ត្រសម្រាប់កសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណេះដឹង បទពិសោធ និងភ័ស្តុតាងទាំងនេះ ជួយឱ្យយើងអាចរៀនសូត្រ និងផ្ដល់ព័ត៌មានអំពីការវិនិយោគ និងអន្តរាគមន៍ដែលយើងត្រូវអនុវត្តនាពេលអនាគតនៅទីនេះ ពោលគឺនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ដទៃទៀត»

ថ្លែងក្នុងពិធីបើក «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្តែងនូវការគាំទ្រ និងការសាទរចំពោះ «មូលនិធិវិនិយោគអាកាសធាតុ ឬហៅកាត់ថា CIF ដែលបានគិតគូរម៉ត់ចត់លើបញ្ហានេះ ដោយបានផ្តួចផ្តើម និងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការរៀបចំ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» នេះឡើងនៅ​កម្ពុជា, ពោលគឺ ការគិតគូររៀបចំនេះ ពិតជាសមស្រប​ ទាន់ពេល និង ចំទិសដៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបន្តថា មូលនិធិវិនិយោគអាកាសធាតុ ក៏បាននិង កំពុងគាំទ្រលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទំហំហិរញ្ញប្បទាន សរុបប្រមាណ ១១,៥ ពាន់លានដុល្លារអាមេរិក និង មានសក្តានុពល ក្នុងការទាក់ទាញ ធនធានបន្ថែម ប្រមាណ ៦៣ ពាន់លានដុល្លារអាមេរិក, ក្រោមទម្រង់ជាសហហិរញ្ញប្បទាន​ ដើម្បីជំរុញការអភិវឌ្ឍ សំដៅឈានទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាព ។​

លោក Warren Evans ទីប្រឹក្សាជាន់ខ្ពស់ពិសេស និងជាបេសកជនទទួលបន្ទុកអាកាសធាតុ នៃការិយាល័យប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបញ្ជាក់បន្ថែម​ថា៖​«យើងជឿជាក់ថា អាស៊ីប៉ាស៊ីហ្វិក គឺជាទីកន្លែងចាញ់ ឬឈ្នះ នៃសមរភូមិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ ហេតុនេះហើយទើប ADB និង CIF បានប្រឹងប្រែងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូលផងដែរ ។ ខណៈពេលដែលយើងបានរៀនសូត្រច្រើន អំពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ យើងក៏ត្រូវបន្តរិះរកអភិក្រមកាន់តែប្រសើរបន្ថែមទៀត ដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគរយៈពេលវែងលើការបង្កើនភាពធន់»៕