សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឲ្យការអប់រំបានល្អប្រសើរ ត្រូវពង្រឹងមូលដ្ឋានពីថ្នាក់ក្រោម ខណៈការអប់រំត្រូវធ្វើមួយជីវិត


ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីឲ្យការអប់រំទទួលបានលទ្ធផលល្អប្រសើរ ត្រូវតែពង្រឹងពីថ្នាក់មូលដ្ឋានគ្រឹះមក។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការអប់រំមិនមែនធ្វើឡើងតែមួយថ្ងៃ ឬ១២ឆ្នាំ ឬ១៦ឆ្នាំនោះទេ ពោលត្រូវតែធ្វើឡើងអស់មួយជីវិតតែម្ដង ហើយសូម្បីតែសម្ដេចខ្លួនឯងដែលជានាយករដ្ឋមន្ដ្រី ក៏ត្រូវរៀនរៀងរាល់ថ្ងៃផងដែរ ខណៈការរៀនរបស់សម្ដេចនៅពេលនេះ គឺរៀនដោះស្រាយចំពោះបញ្ហាដែលកើតមានឡើង និងរៀនដោះស្រាយនូវបញ្ហាថ្មីៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការអប់រំមិនមែនមួយថ្ងៃ ឬ១២ឆ្នាំ ឬ១៦ឆ្នាំនោះទេ គឺយើងត្រូវការអប់រំមួយជីវិត បណ្ដុះបណ្ដាលមួយជីវិត គ្រូបង្រៀនក៏ត្រូវតែរៀន។ សូម្បីតែខ្ញុំជានាយករដ្ឋមន្ដ្រី ក៏រៀនរាល់ថ្ងៃដែរ។ រៀនចំពោះបញ្ហាដែលកើតឡើង រៀនដោះស្រាយនូវបញ្ហាថ្មី ប៉ុន្ដែអ្វីដែលជាមូលដ្ឋានក្នុងការធានានូវគុណភាពរបស់ធនធានមនុស្ស គឺការអប់រំ ហើយជាពិសេសនៅមូលដ្ឋានគ្រឹះតែម្ដង»

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កត្តាចំបាច់បំផុតដើម្បីធានានូវធនធានមនុស្ស គឺត្រូវតែពង្រឹងនូវមូលដ្ឋានគ្រឹះ ហើយមិនមែនធ្វើត្រឹមតែថ្នាក់មត្តេយ្យ ថ្នាក់បឋម និងថ្នាក់ទី១២នោះទេ ពោលត្រូវតែបន្ដអភិវឌ្ឍន៍នៅថ្នាក់ឧត្តមសិក្សាថែមទៀត សំដៅចូលរួមចំណែកធានាដល់ការប្រកួតប្រជែង។ សម្ដេចបន្ដថា កម្ពុជាត្រូវការធនធានមនុស្សកម្រិតខ្ពស់ ទំនើបកម្ម ហើយទាន់សម័យ ទើបប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាបាន។

ដើម្បីធានាដល់ការកសាងមូលដ្ឋានគ្រឹះនៃការបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យកាន់តែមានគុណភាពខ្ពស់នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់នូវទិសដៅ ដោយប្រកាសយកសាលាបឋមសិក្សាចំនួន៥០ ពង្រឹងការអប់រំដោយបន្ថែមម៉ោងសិក្សា២ម៉ោងបន្ថែមទៀត។ សម្ដេចបានគូសបញ្ជាក់ថា អាណាព្យាបាលគ្រប់រូបចង់ឲ្យកូនៗ ទទួលបានការអប់រំដ៏ប្រសើរ។

សម្ដេចធិបតី បានបន្ថែមថា សាលារៀនជាអង្គភាពផ្តល់សេវាសាធារណៈ ដែលស្ថិតនៅជិតប្រជាពលរដ្ឋ សាលារៀនត្រូវតែអនុវត្តនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀន និងផ្ដល់នូវវិជ្ជ សម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប ដែលទាមទារឲ្យសាលារៀនត្រូវ ពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន គ្រប់ជ្រុងជ្រោយស្របតាមស្ដង់ដា សាលារៀនគំរូ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះការវាយតម្លៃសាលារៀនទាំងបីកម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលារៀនគំរូ ទាំង១២០សាលា នៅដំណាក់កាលដំបូងនេះ ក្នុងន័យទទួលស្គាល់នូវសមិទ្ធផលសាលារៀន ទាំងលទ្ធផលសិក្សារបស់សិស្សខ្ពស់ ទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ជាសាលារៀន ជាប់ចំណាត់ថ្នាក់អង្គភាពសេវាសាធារណៈល្អ សាលារៀនស្អាត នាយកល្អ៕