សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍១០ចំណុចដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជាមូលដ្ឋាន និងជាធាតុចូលសម្រាប់​អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានផ្តល់នូវអនុសាសន៍ចំនួន១០ចំណុច ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជាមូលដ្ឋាន និងជាធាតុចូលសម្រាប់​អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមការវិវត្តនៃសង្គម។

ការផ្តល់នូវអនុសាសន៍នេះ បានធ្វើឡើងក្នុង សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

សម្តេចបានគូសបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្តេចសូមផ្ដល់អនុសាសន៍សំខាន់ៗចំនួន១០ សម្រាប់អនុវត្តបន្តដូចខាងក្រោមនេះ៖

​ទី១) បន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាពបុរេ​សកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលបាននិងកំពុងមាន ការប្រែប្រួលយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងការធានាបាននូវ​សេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ទី២) បន្តពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅ តាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា ដូចជា ចាប់ផ្តើមអនុវត្តការសិក្សាពេញមួយថ្ងៃ, និងកែលម្អសៀវភៅសិក្សាគោល ដើម្បីឱ្យស្របគ្នា ជាមួយបណ្តាប្រទេសជឿនលឿន។

ទី៣) ដាក់ឱ្យប្រើប្រាស់វិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិតប្រកបដោយការត្រិះរិះពិចារណាដោះស្រាយបញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ​ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។

ទី៤) បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងត្រូវពង្រឹងគុណវុឌ្ឍគ្រូបង្រៀន ចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន, កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈ គ្រូបង្រៀន» និងផ្ដល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

ទី៥) បន្តអភិវឌ្ឍការអប់រំឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្ម​បច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និង អ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឍ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន, កែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

ទី៦) បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សាត្រៀមវិធានការឆ្លើយតប និង ចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណី- អាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្ដង់ដា, បរិស្ថាន សាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម, និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។

ទី៧) ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្តនៅតាម សាលារៀនគំរូ និងរៀបចំសេចក្ដីណែនាំអនុវត្តនៅគ្រប់គ្រឹះស្ថានសិក្សា ក្នុងគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួម ដូចជាការបង្កើតមូលនិធិសមធម៌ ដើម្បីប្រើប្រាស់ថវិកាបដិភាគដោយស្ម័គ្រចិត្តពីមាតាបិតាសិស្ស សម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ, ការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្ដល់ព័ត៌មាន និងការអប់រំមាតាបិតាឱ្យផ្តល់តម្លៃបន្ថែមទៀត និងជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្សដល់ការអប់រំ និងលើកទឹកចិត្តពួកគាត់ឱ្យចូលរួមជាមួយការសិក្សារបស់កូនកាន់តែច្រើន។

ទី៨) បន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ», កម្មវិធីយុវជនស្ម័គ្រចិត្ត, និង ការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍, ព្រមទាំងបន្តបណ្តុះ​បណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាស ការងារ និងភាពរឹងមាំនៃកោសិកាសង្គម។

ទី៩) បន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ, កាយសម្បទាមាំមួន,ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រឌិត, និងមានការតស៊ូស្វិតស្វាញ។ ជាមួយនេះ ពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា, ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្ដុះបណ្តាលធនធានមនុស្ស និងការលើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុង ការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀមខ្លួនរបស់អត្តពលិក, និងការពង្រឹងគុណភាព នៃការប្រកួតគ្រប់កម្រិត។

ទី១០) បន្តការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការកសាងគោលនយោបាយ និងផែនការអប់រំ, និងការរៀបចំផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យបានពេញលេញ និងមានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា ដើម្បីធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលរបស់អង្គសន្និបាត និងអនុសាសន៍សំខាន់ៗ ដែលខ្ញុំបាន លើកឡើងនាពេលនេះ ដែលនឹងក្លាយជាមូលដ្ឋាន និងជាធាតុចូលសម្រាប់យកទៅអនុវត្ត ក្នុងវិស័យ អប់រំកម្ពុជានៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តបន្ទាប់៕