នាយករដ្ឋមន្ត្រីសិង្ហបុរី ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥


លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់ក្នុងលិខិតទាំងស្រុង យ៉ាងដូច្នេះថា៖

សម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់! សូមអបអរសាទរចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ ២០២៤ និងការតែងតាំងសម្តេចជា ប្រធានព្រឹទ្ធសភា។ នេះជាសក្ខីភាព នៃការជឿជាក់ និងទំនុកចិត្តរបស់ ប្រជាជនកម្ពុជាលើការដឹកនាំរបស់សម្តេច។

សិង្ហបុរី និងកម្ពុជា រីករាយអាស្រ័យនឹងទំនាក់ទំនងមិត្តភាពយូរអង្វែង រួមទាំងនៅក្នុងកម្រិតសភា ផងដែរ។ ខ្ញុំប្រាកដក្នុងចិត្តថា សម្តេចនឹងបន្តផ្តល់ឱ្យទំនាក់ទំនងរបស់យើងនូវការគាំទ្រយ៉ាងពេញលេញ របស់សម្តេច។ ដំណើរទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរី នាពេលខាងមុខរបស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែត នឹងពង្រឹងចំណងទាក់ទងរវាងប្រទេសយើងឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងពេលដែលយើងធ្វើការជាមួយគ្នា ដើម្បីជំរុញប្រយោជន៍ទៅវិញទៅមក ដើម្បីជាផលប្រយោជន៍ប្រជាជនប្រទេសយើងទាំងពីរ និងតំបន់។

ខ្ញុំសូមជូនពរ សម្តេចតេជោ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និង ជោគជ័យក្នុងតំណែងតួ នាទីរបស់សម្តេច។ សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ៕