ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ (អគារស វិមានរដ្ឋចំការមន) បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ចំនួន ១៦រូប តំណាងឱ្យ១៦ក្រុមហ៊ុន ដឹកនាំដោយលោក ង្វៀន ហ៊ុយតាំង Nguyên Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។

ក្នុងឱកាសសម្តែងការគួរសមនេះ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរអំពីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរ លោកឯកអគ្គរដ្ឋទូតក៏បានអបអរសាទរអំពីសមិទ្ធផលដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានក្រោមការដឹកនាំរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការការពារការគោរពរដ្ឋធម្មនុញ្ញ និងការអនុវត្តសមត្ថកិច្ចរបស់ខ្លួននាពេលកន្លងមក។

លោកប្រធានគណៈប្រតិភូក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការវិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ និងការបង្កើតរោងចក្រកែច្នៃរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ដោយបានចំណាយដើមទុនវិនិយោគអស់ទឹកប្រាក់ សរុបប្រមាណជាង ១.០០០លានដុល្លារអាមេរិក។

ជាការឆ្លើយតប លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនគណៈប្រតិភូ ដែលបានអញ្ជើញមកជូនពរលោកប្រធាន និងសហការីនៃក្រុមប្រឹក្សាធម្មនុញ្ញក្នុងឱកាសនេះ ។

ក្នុងនោះផងដែរ លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមហ៊ុន VRG នាពេលកន្លងមក និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលជាផ្នែកមួយជួយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងជួយរឹតចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ៕