ប្រធានសភាសិង្ហបុរី ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥


លោក Seah Kian Peng ប្រធានសភាសិង្ហបុរី បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានសភាសិង្ហបុរី បានបញ្ជាក់ក្នុងលិខិតទាំងស្រុង យ៉ាងដូច្នេះថា៖

សម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់! សូម សម្តេច មេត្តាទទួលយកនូវសេចក្តីអបអរសាទរនិងសព្ទសាធុការពររបស់ខ្ញុំ ជូនចំពោះ សម្តេច ដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា។

ប្រទេសសិង្ហបុរី និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងល្អប្រសើរនិងយូរអង្វែងជាមួយគ្នា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយ សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ក៏ដូចជាក្នុងចំណោមសភាជាសមាជិក នៃ អន្តរសភាអាស៊ាន (AIPA)។

ខ្ញុំសូមគោរពជូនពរ សម្តេច ទទួលបាននូវជោគជ័យរាល់ភារកិច្ចបន្តទៀត។ សូម សម្តេច មេត្តា ទទួលនូវការជូនពរសុខភាពល្អបរិបូរណ៍ពីរូបខ្ញុំ។ សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕