សម្ពោធជាផ្លូវការផែនការយុទ្ធសាស្រ្តនារី រតនៈ ទី៦, រដ្ឋមន្ដ្រីកិច្ចការនារី៖ ផែនការនេះ ជួយជំរុញការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា


លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការ ផែនការយុទ្ធសាស្រ្តនារីរតនៈទី ៦ ឆ្នាំ២០២៤-២០២៨ ក្នុងគោលបំណង ដើម្បីរួមគ្នាលើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារ Sun & Moon River ភ្នំពេញ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងថា នីតិកាលទី៧នៃរដ្ឋសភានេះ តាមរយៈកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជរដ្ឋាភិបាល បានបន្តកំណត់ «ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនៅគ្រប់វិស័យ» ជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។

លោកជំទាវរដ្ឋមន្ដ្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាល នឹងបន្តបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្ត លើផែនការគ្រួសារ, កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ, និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ទន្ទឹមគ្នានេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា ក្នុងស្មារតីនេះ ក្រសួងកិច្ចការនារី បានអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ត «នារីរតនៈទី៦» ឆ្នាំ ២០២៤-២០២៨ ដើម្បីចូលរួមអនុវត្ត ស្របតាមការចង្អុលបង្ហាញ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ខាងលើនេះ ព្រមទាំងធ្វើឲ្យមានភាពស៊ីចង្វាក់ ជាមួយនឹងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិថ្មីៗ និងតាមវិស័យ ព្រមទាំងឆ្លើយតបនឹងស្ថានភាព និងការវិវត្តរបស់សង្គមផងដែរ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨នេះ គឺជាផែនការមេ សម្រាប់ក្រសួងកិច្ចការនារី ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី នៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខនេះ។

ផែនការមេនេះ ក៏បានឆ្លើយតប តាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កំណត់នៅក្នុង ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs), អនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW), សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ, សេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង (Beijing Declaration and Platform for Action), ការប្តេជ្ញាចិត្តនៅសន្និសីទអន្តរជាតិស្តីពីប្រជាជន (ICPD) និងការអភិវឌ្ឍ លើកទី២៥ នៅទីក្រុងណៃរ៉ូប៊ី និងការប្តេជ្ញាចិត្តផ្សេងៗទៀត នៅក្នុងអង្គការសហប្រជាជាតិ និងនៅក្នុងតំបន់។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។

បន្ថែមពីនោះទៀត លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ការដាក់ចេញនូវនារីរតនៈទី៦ មានគោលដៅរួមចំណែក ដល់ការពង្រឹងមូលដ្ឋានគ្រឹះ ក្នុងការឈានទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងទាញយកភាគលាភយេនឌ័រ នៅតាមវិស័យពាក់ព័ន្ធ ដើម្បីចូលរួមជំរុញល្បឿន នៃកំណើនសេដ្ឋកិច្ច, ពង្រឹងសុខុមាលភាពសង្គម និងភាពធន់របស់ប្រជាជន និងការអនុវត្តអភិបាលកិច្ច នៅគ្រប់កម្រិត ប្រកបដោយបរិយាបន្ន។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងទៀតថា ក្រសួងកិច្ចការនារី មានបេសកកម្ម តាមរូបភាព២សំខាន់ៗ ក្នុងការអនុវត្តការងារកន្លងមកតទៅមុខ៖

ទី១៖ ការអនុវត្តការងារ គាំទ្រ និងផ្តល់ធាតុចូលដល់វិស័យ តាមក្រសួង-ស្ថាប័នពាក់ព័ន្ធ (ការងារក្រោយឆាក ឬវាំងនន) តាមរយៈការវិភាគ និងបញ្ជ្រាបយេនឌ័រ នៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងកម្មវិធីជាតិ, ការគាំទ្រយន្តការបញ្ជា្របយេនឌ័រ តាមក្រសួង-ស្ថាប័ននៅគ្រប់កម្រិត, និងការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរផ្នត់គំនិតប្រពៃណី ឬកិច្ចអភិវឌ្ឍសង្គមជាតិ ដើម្បីគាំទ្រដល់ការកាត់បន្ថយ គម្លាតយេនឌ័រនៅគ្រប់វិស័យ។

ទី២៖ ការអនុវត្តការងារ ដោយធ្វើការនិងគាំទ្រដល់ស្រ្តី និងក្មេងស្រីដោយផ្ទាល់ ដូចជាការ ជួយដល់ស្រ្តីនិងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ, ការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសហគ្រិនភាពដល់ស្រ្តី និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ ជាដើម។

យោងតាមរបាយការណ៍ អភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់ ឆ្នាំ២០២៤ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបញ្ជាក់ថា កម្ពុជាមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយផ្អែកលើភាគរយស្រ្តីនៅក្នុងរដ្ឋសភា ការអប់រំ កម្លាំងពលកម្ម ក៏ដូចជាអត្រាមរណភាពមាតា- ដោយគម្លាតយេនឌ័រ បានឆ្លាក់ចុះ ពី០.៦៧៩ ក្នុងឆ្នាំ១៩៩០ មកត្រឹម ០.៤៦១ នៅឆ្នាំ២០២៣។ ការណ៍នេះ ធ្វើឲ្យកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់១១៦ ក្នុងចំណោម១៧០ប្រទេស សម្រាប់សន្ទស្សន៍វិសមភាពយេនឌ័រ ឆ្នាំ២០២៣៕