ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ប្រចាំការនៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ


(ពោធិ៍សាត់)៖ នៅសាលប្រជុំសាលាស្រុកវាលវែង ព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងកម្លាំងកងរាជអាវុធហត្ថ កងទ័ពឈរជើងនៅទិសទី៤ យោធភូមិភាគទី៥ នគរបាលជាតិ និងកម្លាំងមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលមានភារកិច្ចប្រចាំការឈរជើងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាន និងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងរយៈពេលជាង០១ខែកន្លងមកនេះ កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ និងកម្លាំងកងទ័ព ក៏បានសហការជាមួយកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយគាំទ្រ និងចុះប្រតិបត្តិការនៅលើគោលដៅ សំខាន់ៗចំនួន១០ ក្នុងភូមិសាស្ត្រផ្សេងៗគ្នានៃស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ហើយដែលគោលដៅទាំង១០រួមមាន៖

*គោលដៅទី១៖ ចំណុចខ្នង ១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង
*គោលដៅទី២៖ ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាលវែង
*គោលដៅទី៣៖ ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ ឃុំអន្លង់រាប និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង
*គោលដៅទី៤៖ ចំណុចសហគមន៍ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង
*គោលដៅទី៥៖ ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង
*គោលដៅទី៦៖ ចំណុចជើងភ្នំខ្មោច ក្នុងភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០ ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង
*គោលដៅទី៧៖ ចំណុចខាងមុខ និងចំណុចខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើរពី វាលវែង
*គោលដៅទី៨៖ ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើរពី ស្រុកវាលវែង
*គោលដៅទី៩៖ ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវ៉ាញ
*គោលដៅទី១០៖ ចំណុចអូរទី២ អូរតាសូ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង។

អញ្ជើញចូលរួមអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា មានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោសាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត តំណាងរដ្ឋបាលជលផល លោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៏ទោ ស្នងការ ស្នងការដ្ឋានទាំង៧ និងនាយទាហាននៃកងរាជអាវុធហត្ថចំណុះ បញ្ជាការដ្ឋានអ.ហ.ផ.ទ។

នៅក្នុងឱកាសនៃការជួបសួរសុខទុក្ខ និងសំណេះសំណាលនេះឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា បានពាំនាំនូវការផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងនៅទិសស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ និងបាននាំយកថវិការចំនួន១៩.៤៥០.០០០រៀល (ក្នុង០១នាក់ = ៥០.០០០រៀល) ទឹកភេសជ្ជៈបាកាស់ចំនួន ៧០កេស ត្រីខកំប៉ុង ១០កេសធំ ទឹកបរិសុទ្ធ ២០០យួរ ដើម្បីឧបត្ថម្ភជូនកងកម្លាំង។ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភបន្ថែមចវិការចំនួន១៩.៤៥០.០០០រៀល(ក្នុង០១នាក់ = ៥០.០០០រៀល)៕