រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ជន នៃសាលាខេត្ត ព្រមទាំងអ្នកសារព័ត៌មាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានមកដល់ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ក្រោមធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានឲ្យដឹងថា យើងបានជួបជុំគ្នាមុនចូលបុណ្យចូលឆ្នាំខ្មែរ និងបុណ្យ ភ្ជុំបិណ្ឌ មិនថាឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុខដែរ ព្រមទាំងសូមបួងសួងឱ្យទេវតាឆ្នាំថ្មី ចូលមកប្រោះព្រំ ពរជ័យ សិរីសួស្តី ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបប្រទះនូវសេចក្តីសុខចំរើន សុខភាពល្អ សុភមង្គលគ្រប់ក្រុមគ្រួសារ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ទាក់ទងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីរាត្រីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ២០២៤ រដ្ឋបាលខេត្ត បានរៀបចំកម្មវិធីនៅទីលានតេជោ និងដើមឈើចាំសេ្នហ៍ ដោយមានការប្រគុំតន្រ្តីរយៈពេល៤ថ្ងៃ និងមានល្បែងប្រជាប្រិយ៍ជាច្រើន នឹងសុំអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទទួលទេវតាឆ្នាំថ្មីនៅទីលានតេជោ (ពយតាមូង) ឱ្យបានច្រើនកុះករ ទន្ទឹមនេះ រដ្ឋបាលខេត្តក៏បានត្រៀមរៀបចំព្រឹត្តិការណ៍រណបចំនួន ៣កន្លែងផ្សេងទៀត មានដូចជា ឆ្នេរអូត្រេះ ខ្មែរធ្វើបាន និងស្រង់ព្រះថោង នៅរង្វង់មូលព្រះថោងផងដែរ ដើម្បីបង្កការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិចូលរួមលេងល្បែងប្រជាប្រិយ៍កម្សាន្តសប្បាយរីករាយជាមួយគ្នា។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏បានរៀបចំផ្តល់សម្ភារៈ ល្បែងប្រជាប្រិយ៍ជូនដល់វត្តចំនួន៣៨ ក្នុងខេត្តព្រះសីហនុ មានដូចជា អង្គុញ ខ្សែព្រ័ត ក្អម ម្សៅ ផ្លែប៉ិគក់។ល។ ដើម្បីឱ្យវត្តនីមួយៗបង្កើតកម្មវិធីនៅតាមវត្តឱ្យបានកាន់តែមានភាពរីករាយជូនបងប្អូនប្រជាពលរដ្ឋលេងសប្បាយ យើងត្រូវរួមគ្នាស្រាវជ្រាវល្បែងប្រជាប្រិយ៍របស់ខ្មែរយើង ដែលដូនតាបានបន្យល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីថែរក្សា និងអភិរក្សល្បែងប្រជាប្រិយ៍របស់យើងបន្ថែមទៀត។
ឆ្លៀតក្នុងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការ មន្ត្រីចូលនិវត្តន៍ចូលរួមសរុបចំនួន៣៦៣នាក់ ក្នុងម្នាក់២០ម៉ឺនរៀល៕