កម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ប្រមាណជិត៥០០នាក់ បាននឹងកំពុងពង្រាយ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ រួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងទីបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្ត និងកម្លាំងកងពលតូចអន្តរាគមន៍លេខ១៥ សរុបប្រមាណជិត៥០០នាក់ បាននឹងកំពុងដាក់ពង្រាយរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងនៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គស.២០២៤។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំង ទាំង៤អង្គភាព នៅទីលានផ្លូវលេខ១០១ ទល់មុខសាលាខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជម្រាបជូនថា កម្លាំងប្រដាប់អាវុធយើងទាំងអស់ បានត្រៀមខ្លួនជាស្រេច ដើម្បីបម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បូករួមទាំងសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាកំសាន្ត នៅក្នុងទឹកដី នៃខេត្តពោធិ៍​សាត់ ជាពិសេសនៅលើបុរីវប្បធម៌កោះសំពៅមាស។

ឯកឧត្តមបានណែនាំ ដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅតាមចំណុចគោលដៅសំខាន់ៗ និងមានកម្លាំងប្រចាំបញ្ជា កម្លាំងសម្ងាត់ និងកម្លាំងការពារ សម្រាប់ទីមួយចំនួន បូករួមទាំងទីតាំងដែលប្រារព្ធពិធីមហាសង្ក្រាន្តកោះសំពៅមាសផងដែរ។ ជាមួយគ្នានោះ ត្រូវពិនិត្យតាមដានមុខសញ្ញា ដែលប្រព្រឹត្តបទល្មើស និងបង្កអសន្តិសុខគ្រប់ប្រភេទ និងត្រូវធ្វើការទប់ស្កាត់ជាបន្ទាន់ ចំពោះបទល្មើសទាំងនោះ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋយើង បានដើរលេងកំសាន្ត ដោយគ្មានការភ័យក្លាច។ បន្ថែមពីនោះសម្រាប់កម្លាំងនគរបាលយើង ត្រូវត្រៀមជួយធ្វើអន្តរាគមន៍ និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអគ្គិភ័យ ឬមានបាតុភាពអ្វីកើតឡើង។

សម្រាប់ជំនួបជាមួយកងកម្លាំងត្រៀមប្រចាំការ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គស.២០២៤នេះដែរ លោក ខូយ រីដា ក៏បានផ្តល់ជូនថវិកាមួយចំនួន និងបានដឹកនាំកម្លាំងចម្រុះ ដើម្បីជិះព្រួរហយាត្រា ជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្ហាញឱ្យឃើញអំពីលទ្ធភាពមុះមត់ ក្នុងកិច្ចការងារការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ៕