ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ឆ្នាំ២០២៤ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាតំណាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ឆ្នាំ២០២៤ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងបរិវេណវិទ្យាល័យកំពង់ធំ ក្រុងស្ទឹងសែន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន បាននាំនូវការសាកសួរសុខទុក្ខ និងនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋទាំងអស់នៅខេត្តកំពង់ធំ និងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្ត និងសហការី ដែលបានខិតខំប្រឹងប្រែង និងរួមកម្លាំងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនេះ ឡើងដើម្បីផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។

ឯកឧត្តមបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឲ្យបានល្អផុលផុស និងមានភាពទាក់ទាញ ពិសេសការរៀបចំឆៃយ៉ាំទទួលស្វាគមន៍ភ្ញៀវទេសចរ ការរៀបចំល្បែងកម្សាន្ដតាមប្រពៃណីជាតិ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ សុវត្ថិភាពការធ្វើដំណើរការសម្របសម្រួល ការធ្វើដំណើរចេញចូលព្រំដែនរបស់ប្រជាពលករខ្មែរ ការតុបតែងលម្អ សោភ័ណភាព អនាម័យ បរិស្ថាន រួមទាំងសេវាកម្មទេសចរណ៍នានាផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការដែលយើងទាំងអស់គ្នាមានឱកាសជួបជុំគ្នា និងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះឡើង គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងការបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧នេះ។

ឯកឧត្តម ថោង ខុន បានអះអាងថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់ពេលនេះ គឺមានរយៈពេល៤៥ឆ្នាំមកហើយ នេះគឺជា៤៥ឆ្នាំនៃសាមគ្គីភាព ការតស៊ូ និងជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ការតស៊ូពុះពារនេះបានកែប្រែមាតុភូមិពីទឹកដីមរណៈ មកជាទឹកដីមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនគ្រប់រូបរស់នៅយ៉ាងសុខដុមរមនាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា នៅខេត្តកំពង់ធំ គឺមានការរៀបចំតុបតែងលំអរយ៉ាងស្រស់ស្អាតនៅតាមដងផ្លូវ តាមទីសាធារណៈ តាមសាលារៀន វត្តអារ៉ាម និងកន្លែងកម្សាន្តនានា ពិសេសរៀបចំសង្ក្រាន្តជារៀងរាល់ឆ្នាំដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្ត និងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តម ងួន រតនៈ ក៏បានបញ្ជាក់ថា កម្មវិធីក្នុងពិធីបើកព្រឹត្តិការណ៍នាពេលនេះ បានបង្ហាញទស្សនាទស្សនីយ៍ភាពសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ ដែលសម្តែងដោយក្រុមសិល្បៈនៃមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហគមន៍ភូមិអាស៊ី សហគមន៍ជនជាតិដើមភាគតិចភូមិវាលវែង យុវជនជុំរុញ និងកងកម្លាំង មានដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រនាងនាគ ការផ្ទេរតំណែងទេវតា របាំត្រុដ ល្បែងប្រជាប្រិយ របាំ គួយរុំចន្លុះ របាំមេអំបៅ របាំតួយដាំស្រូវ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូនផងដែរ៕