រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី «សង្ក្រាន្តខេត្តកណ្ដាល» មានភ្ញៀវទេសចរដើរលេងជាង ៧៣មុឺននាក់


លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានឱ្យដឹងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី មានពលរដ្ឋបានសម្រុកដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយគ្រប់ទីតាំងទាំងអស់នៃខេត្តកណ្ដាល ដោយសរុបចំនួនភ្ញៀវទេសចរណ៍ដើរលេងកំសាន្តទាំងជាតិ និងអន្តរជាតិប្រមាណជា ៧៣៩,១៧៧នាក់ ក្នុងភ្ញៀវអន្តរជាតិមានជាង១ពាន់នាក់។

សូមជម្រាបជម្រាបថា ចាប់ពីម៉ោង៣ រសៀលថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តនឹងបន្តបាញ់ទឹកជូនពលរដ្ឋរាំលេងកម្សាន្តជាមួយនឹងតូរតន្ត្រីកន្ត្រាក់អារម្មណ៍នៅបរិវេណសួនច្បារក្រុងតាខ្មៅ។

គួរជម្រាបថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ថ្នាក់ដឹកនាំខេត្តកណ្តាល រួមមាន លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកស្រី , លោកគង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោកស្រី បានអញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងឱកាសដ៍អធិកអធមក្នុងពិធីប្រកាសព្រឹត្តិការណ៍សង្ក្រាន្តនេះ រដ្ឋបាលខេត្ត បានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព និងទិដ្ឋភាពដង្ហែរក្បួន តាមផែននីមួយៗយ៉ាងសម្បូរបែបផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងពីប្រវត្តិប្រពៃណី ទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងបានបង្ហាញនូវការជឿជាក់ របស់ប្រជាជនយើង លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីតម្លៃសន្តិភាព ដែលបានផ្តល់នូវភាពសុខសាន្តដូចសព្វថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនយើងមានឱកាសដើរកំសាន្តគ្រប់ទីកន្លែង ប្រកបដោយសុខសុវត្ថិភាព។ លោកក៏បានអំពាវនាវដល់អាជីវករ ប្រជាជន ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមកំសាន្ត សប្បាយក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យទាំងអស់គ្នា ដោយប្រកាន់ខ្ជាប់នៅទិសស្លោក«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាស្អាត និងបដិសណ្ឋារកិច្ចល្អ»។

នៅក្នុងឱកាសដ៍អធិកអធម ក្នុងពិធីសម្តែងសិល្បៈ បើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល រដ្ឋបាលខេត្ត បានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព តាមផែននីមួយៗចំនួន ១១ផែន រួមមាន៖

ផែនទី១ អបអរសាទរសង្ក្រាន្តខេត្តកណ្តាល, ផែនទី២ ផ្ទាំងទស្សនីយភាពរបាំចម្រុះ, ផែនទី៣ យីកេរឿងធម្មបាលកុមារ, ផែនទី៤ ផ្ទាំងទស្សនីយភាពល្បែងទាញព្រ័ត្រផែនទី៥ ភូមិឃុំ អភិវឌ្ឍន៍, ផែនទី៦ ការសំដែងទូកលឿនលយ, ផែនទី៧ ផ្ទាំងទស្សនីយភាពល្ខោនខោល, ផែនទី៨ ផ្ទាំងទស្សនីយភាព ការរាំចង្វាក់ប្រជាប្រីយ៍, ផែនទី៩ ផ្ទាំងទស្សនីយភាព ទីងមោងឆ្នាំថ្មី, ផែនទី១០ ការសម្តែងសៀកសហសម័យ និងល្បុក្កតោ និង ផែនទី១១ ផ្ទាំងទស្សនីយភាពល្ខោនបាសាក់៕