ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅខេត្តកំពង់ឆ្នាំង រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តជាង ៣០ម៉ឺននាក់


ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកម្សាន្តនៅខេត្តកំពង់ឆ្នាំង ប្រមាណ ៣៤០.៤៧១នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តដែលបណ្តាញពត៌មានទទួលបាន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងរបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងក្រុងកំពង់ឆ្នាំង រដ្ឋបាលខេត្តបានរៀបចំទីតាំងកំសាន្តចំនួន ៤ទីតាំង ដែលបានរៀបចំផ្នែកសោភ័ណភាពបំពាក់ទៅដោយភ្លើងចម្រុះពណ៌ និងមានរៀបចំតុបតែងផ្កាភ្ញី ដែលមើលទៅគួរជាទីកម្សាន្តសប្បាយ សម្រាប់ភ្ញៀវទេសចរណ៍មកពីទីជិតឆ្ងាយនិងប្រ ជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការចូលរួមលេងកម្សាន្តសប្បាយ។

ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីក្នុងក្រុងកំពង់ឆ្នាំង ក៏មានការរៀបចំលេងកម្សាន្តសប្បាយ គឺបានធ្វើឡើងនៅគ្រប់ទីវត្តអារាមនៅទូទាំងខេត្ត និងនៅតាមសហគមន៍កំសាន្តនានាតាមបណ្ដាមូលដ្ឋាន គ្រប់ឃុំស្រុក នៅទូតទាំងខេត្តដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា រដ្ឋបាលខេត្តបានរៀបចំការលេងកម្សាន្តសប្បាយនៅក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី រយៈពេល៤ថ្ងៃ គឺថ្ងៃចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសាឆ្នាំ២០២៤។ រយៈពេល៤ថ្ងៃនេះក្រៅពីការលេងកម្សាន្តនូវល្បែងប្រជាប្រិយ៍ប្រពៃណីជាតិខ្មែរជាច្រើនប្រភេទ ក៏មានការរៀបចំកម្មវិធីជាច្រើនទៀត ដូចជាកម្មវិធីតាំងបង្ហាញនូវវត្ថុសិល្បៈនានា និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទដែលជាស្នាដៃរបស់ប្រ ជាកសិករក្នុងខេត្តកំពង់ឆ្នាំងដោយផ្ទាល់ផងដែរ៕