សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក៏មានសមត្ថភាពវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយចំនួនដែរ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏មានសមត្ថភាពអាចវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយចំនួនផងដែរ ដែលបានពង្រីកសេវាពិនិត្យ-ព្យាបាលជំងឺជូនប្រជាពលរដ្ឋកាន់តែទំនើប។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីដែលមានកម្ពស់៤ជាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ​ឆ្នាំ២០២៤។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះមានបម្រើសេវាពិនិត្យ-ព្យាបាលជំងឺដល់ទៅ១០ផ្នែកធំៗឯណោះ រួមមាន៖ ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកសល្យសាស្ត្រនិងសណ្ដំ ផ្នែកប្រពោធនកម្មវះកាត់ ផ្នែករបួសគ្រាំគ្រានិងវះកាត់ឆ្អឹងសន្លាក់ ផ្នែកត្រចៀក ច្រមុះ​ បំពង់ក និងវះកាត់មុខនិងឆ្អឹងថ្គាម ផ្នែកវះកាត់ទ្រូងនិងពោះ ផ្នែកប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកវះកាត់ប្រព័ន្ធប្រសាទ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «សមត្ថភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានសមត្ថភាពអាចវះកាត់ព្យាបាលខួរក្បាល និងការវះកាត់មួយចំនួន ដូចជាសរីរាង្គខាងក្នុង អ៉ីចឹងសេវាមួយចំនួនអាចព្យាបាលនៅទីនេះបាន»

សម្ដេចធិបតីបានបន្តថា សេវាព្យាបាលខ្លះមិនអាចចាំយូរទេ ដូចជាការដាច់សរសៃឈាម មិនអាចចាំ១ម៉ោង២ម៉ោងទេ បើទុកយូរហួសពេល អាចគ្រោះថ្នាក់ដល់ជីវិត។

សម្ដេចបានបញ្ជាក់ទៀតថា ទោះបីយើងមិនចង់ឱ្យមានអ្នកឈឺច្រើន តែយើងក៏ត្រូវតែបង្ការក្នុងពេលចាំបាច់។

ក្រៅពីការព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងខេត្តជុំវិញ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះក៏អាចទទួលព្យាបាលអ្នកទេសចរផងដែរ ខណៈខេត្តសៀមរាបជាប៉ូលទេសចរណ៍ស្រាប់។ នេះបើតាមការបន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

សូមជម្រាបថា អគារថ្មីកម្ពស់៤ជាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ត្រូវបានបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៣ ដោយមានបំពាក់គ្រឿងបរិក្ខារឧបករណ៍ពិនិត្យនិងព្យាបាលទំនើបៗ ខណៈការសាងសង់អគារនិងការបំពាក់គ្រឿងបរិក្ខារនេះដែរ គឺបានពីជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលស្មើនឹងតម្លៃជិត២០លានដុល្លារ៕