ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការប្រជុំជាគោលការណ៍សំខាន់របស់គណបក្ស និងជាមូលដ្ឋានក្នុងការអនុវត្តសាមគ្គីភាពឯកភាពផ្ទៃក្នុង តាមរយៈការដឹកនាំត្រួតពិនិត្យ និងស្តាប់នូវរបាយការណ៍ផ្ទាល់


នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកឱរ៉ាល់ និងស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ នៅស្នាក់ការគណបក្ស។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានអនុញ្ញាតឲ្យប្រធានគណៈកម្មាធិការ គណបក្សស្រុក ដើម្បីរបាយការណ៍អំពីស្ថានភាពនៃការងារគណបក្ស និងលើកពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈម និងសំណូមពរ ពិសេសនោះគឺការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

បន្ទាប់មកឯកឧត្តមបានផ្តល់ឱកាស ជូនប្រធានគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្សចុះជួយឃុំឡើងមានមតិ ចែករំលែកបទពិសោធន៍ និងលើកឡើងនូវបញ្ហាដែលជួបប្រទះ។

ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើការនឹករលឹក និងថ្លែងអំណរគុណពីសំណាក់សម្តេចប្រធានគណបក្ស ជូនក្រុមការងារ និងគណបក្សស្រុក ឃុំ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក ឃុំ នៃស្រុកទាំងពីរ ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំដ៏មហាញឹក មកចូលរួមចូលរួមផ្តល់រាយការណ៍ ផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍ មកកាន់អង្គប្រជុំ។

ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា «របបប្រជុំគឺជាគោលការណ៍សំខាន់របស់គណបក្ស និងជាមូលដ្ឋានក្នុងការអនុវត្តសាមគ្គីភាពឯកភាពផ្ទៃក្នុង តាមរយៈការដឹកនាំត្រួតពិនិត្យនិងស្តាប់នូវរបាយការណ៍ផ្ទាល់»។

សរុបមតិនៃអង្គប្រជុំទាំងពីរស្រុក ឯកឧត្តមបានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ ដែលបានរួមគ្នា ពុះពារនាំមកនូវភាពជោគជ័យជូនគណបក្សនាពេលកន្លងមក។ ជាមួយនេះ លោកបានផ្តល់អនុសាសន៍ដល់ ក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលប្រជាជនជួបប្រទះតាមលទ្ធផលដែលអាចធ្វើទៅបាន និងបន្តរក្សាសាមគ្គីឯកភាពទាំងទស្សនះ និងគោលជំហរ រួមទាំងរបៀបរបបធ្វើការងារ ដើម្បីនូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា៕