រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EUROCHAM)​ អំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ


(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជ កម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ យ៉ាងដូចនេះ គឺនៅពេលដែលលោកបានអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា (EUROCHAM) ដែលបានធ្វើឡើងនៅ សណ្ឋាគារអ៊កវ៉ូត (Oakwood) ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សេវាមិនតិចជាង ១០ប្រភេទនោះទេ ដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្ត តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន។ ជាមួយនឹងការអបអរសាទរដោយសំឡេងទះដៃពីអង្គពិធី ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ការកែសម្រួលសេវា នឹងអាចប្រកាសនៅដើមសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ។

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាព បុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំសិក្សារបស់ក្រសួង ដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ តាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឌីប្លូម៉ា)។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថមពី រាជរដ្ឋាភិបាលចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាលជំនាញ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតបតាមតម្រូវការ នៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាកក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕