ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី វិស័យយានយន្តនៅកម្ពុជាមានការរីកចម្រើនខ្លាំង


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា ការកើនឡើងនៃក្រុមហ៊ុននាំចូល និងក្រុមហ៊ុនតម្លើងរថយន្តនៅកម្ពុជា កើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងបើកទូលាយឱ្យមានការវិនិយោគក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ដែលបានរៀបចំឡើងនៅអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយមានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក រួមទាំងមាន អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្តក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខណៈដែលប្រទេសកម្ពុជា ពីមុនមកមានក្រុមហ៊ុននាំចូលរថយន្តតិចតួច នឹងមិនមានក្រុមហ៊ុនតម្លើងរថយន្តសោះ តែពេលបច្ចុប្បន្ននេះមានការកើនឡើងជាលំដាប់នៃចំនួនក្រុមហ៊ុននាំចូលរថយន្ត ហើយក៏មានក្រុមហ៊ុន​មួយចំនួនកំពុងតែធ្វើអាជីវកម្មតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងដូចនេះថា «ការកើនឡើងនៃក្រុមហ៊ុននាំចូល និងតម្លើងរថយន្តនេះគឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងបើកទូលាយឱ្យមានការវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ និងឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរផងដែរ»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (២០១៥- ២០២៥) ផែនទីបង្ហាញផ្លូវការការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច និងគោលនយោបាយពាក់ព័ន្ធនានាបានបង្ហាញពីការគិតគូរនិងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមដែរថា ការរៀបចំពិព័រណ៍រថយន្តនេះជាផ្នែកមួយយ៉ាងសំខាន់នៃការចូលរួមចំណែករបស់ផ្នែកឯកជន ក្នុងការបង្ហាញឱ្យកាន់តែច្បាស់ពីសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការរីកចម្រើននៃវិស័យយានយន្តនៅកម្ពុជា ដោយលោកសង្ឃឹមយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមនេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀតផងដែរ។

បើតាមការបញ្ជាក់ពីអ្នកឧកញ៉ា សេង ញ៉ក់ ការរៀបចំពិព័រណ៍រថយន្តនេះមិនមែនដើម្បីតែការលក់រថយន្ត នឹងការធ្វើអាជីវកម្មផ្សព្វផ្សាយប៉ុណ្ណោះទេ តែដើម្បីបង្កើតទំនាក់ទំនងជិតសិ្នត នឹងការស្វែងយល់ស៊ីជម្រៅរវាងដៃគូទាំងអស់ ដែលពាក់ព័ន្ធក្នុងវិស័យរថយន្តរួមមាន៖ ទំនាក់ទំនងរវាងក្រុមហ៊ុនផលិត និងអតិថជនដែលជាអ្នកប្រើប្រាស់ ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន ទំនាក់ទំនងរវាងក្រុមហ៊ុននាំចូលផ្តាច់មុខនៅប្រទេសកម្ពុជា និងមេក្រុមហ៊ុននៅក្រៅប្រទេស ទំនាក់ទំនងរវាងវិស័យរថយន្ត និងវិស័យពាក់ព័ន្ធផ្សេងៗ ដូចជា វិស័យធនាគារ វិស័យធានារ៉ាប់រង ជាដើម ហើយពិព័រណ៍រថយន្តនេះក៏ដើម្បីឱ្យអ្នកទិញរថយន្តទទួលបានព័ត៌មានច្បាស់អំពីរថយន្ដពីខាងផ្នែករោងចក្រផលិត និងក្រុមហ៊ុនចែកចាយមុននឹងទិញរថយន្តផងដែរ៕