រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៏លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា, ខេត្តកំពង់ចាមមានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៥១៤សហគ្រាស កម្មករនិយោជិតសរុប៤១,៥០៩នាក់


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៏លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ»។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ អង្គភាពស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អគ្គនាយក នាយក ឬតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតជាង៧០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ឲ្យដឹងថា ខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៥១៤សហគ្រាស កម្មករនិយោជិតសរុប ៤១,៥០៩នាក់ ស្រី ២៩.៤៧៧នាក់ ក្នុងនោះ ឧស្សាហកម្មវាយ នភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២១កន្លែង កម្មករ និយោជិត ចំនួន ២៥,៨៨៨នាក់ ស្រី ២៣.០៣៣នាក់។

កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥០ដុល្លារអាមេរិក និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៣០ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួល របស់កម្មករនិយោជិត ជាមធ្យមប្រចាំឆ្នាំវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ប្រមាណជា ១២០លានដុល្លារអាមេរិក បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជនខេត្តកំពង់ចាមប្រចាំឆ្នាំ (GDP) ក្នុងម្នាក់ៗ ចំនួន ១.៦៩៣ ដុល្លារអាមេរិក។

ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវលោក លោកស្រីអគ្គនាយក នាយក ឬម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិត បដាពាក្យស្លោក តាមខ្លឹមសារ សារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចងឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមផ្សព្វផ្សាយសាលិខិតសម្តេចធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត៕