រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកសំរោង ស្រុកទ្រាំង និងស្រុកគិរីវង្ស ខេត្តតាកែវ


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ដ្រីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានចុះតាមខ្នងផ្ទះ ដើម្បីពិនិត្យស្ថានភាពកង្វះខាតទឹក និងពិនិត្យរកប្រភពផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង ស្រុកទ្រាំង និងស្រុកគិរីវង្ស ខេត្តតាកែវ។

ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំប្រតិភូចុះពិនិត្យទីតាំងផ្ដល់ប្រភពទឹកជាក់ស្ដែង រួមមាន ពិនិត្យបឹងបត់រការ នៅភូមិព្រៃស្នួល, ស្រះទឹកល្បាំង នៅភូមិដក់ពរ ឃុំរវៀង, ស្រះទឹកត្រពាំងស្រង់ នៅភូមិត្រពាំងស្រង់ ឃុំស្លារ ស្រុកសំរោង, ស្រះសហគមន៍នៅវត្តបារ៉ាយវិហារពីរ នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក, ស្រះទឹកសហគមន៍នៅភូមិពញាឮ ឃុំប្រាំបីមុំ, ស្រុកទ្រាំង និងបានចុះពិនិត្យ អាងទឹកទន្លាប់ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស។
ក្នុងពេលជួបជាមួយប្រជាជនដែលខ្វះទឹកផឹក និងប្រើប្រាស់ប្រចាំថ្ងៃនៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ លោករដ្ឋមន្ត្រីបានសំណេះសំណាល និងចែកពីដុងទឹក និងដឹកទឹកជូនប្រជាពលរដ្ឋចំនួន១៤៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពីដុងទឹកចំណុះ៣០លីត្រ ចំនួន១ និងក្រមា១ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានឱ្យដឹងថា ការចុះពិនិត្យស្ថានភាពជាក់ស្ដែង នៃប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នាពេលនេះ គឺដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងធាតុអាកាសនៅរដូវប្រាំងឆ្នាំនេះមានការកើនកម្តៅ ដែលជាការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋរស់នៅជនបទប្រឈមនឹងការខ្វះខាតទឹកសម្រាប់បរិភោគ និងប្រើប្រាស់។

សូមបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស។ អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យគ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចុះធ្វើសកម្មភាពលើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដាស្រះ ជួសជុល និងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕