ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជា ចំនួន៥៦០នាក់ នៅខេត្តតាកែវ


ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជា ចំនួន៥៦០នាក់។

ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅទីតាំងចំនួន២ផ្សេងគ្នា ដោយកម្មវិធីទី១ រៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ និងទីតាំងទី២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំរោង ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងបេក្ខជនពេញសិទ្ធក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរគុណចំពោះអង្គបោះឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កន្លងមក។

បន្ថែមលើនេះ ឯកឧត្តមបានជម្រាបជូនអំពីផលប្រយោជន៍សំខាន់នៃព្រែកជីកហ្វូណនតេជោ ហើយខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន បន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ នេះឱ្យសម្រេចបាននាពេលអនាគត។

ឯកឧត្តមបានស្នើក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ រួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យធំធេងនៅថ្ងៃបោះឆ្នោតខាងមុខនេះ៕