អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះទៅពិនិត្យប្រឡាយស្ថានីយបូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយបឹងត្របែក


ស្ថានីយបូមទឹកបឹងទំពន់ ជាស្ថានីយបូមទឹក ដែលធំជាងគេនៅភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគូប ហើយស្ថានីយនេះ ក៏ជាស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធទៅពិនិត្យប្រឡាយស្ថានីយបូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយបឹងត្របែក នាព្រឹកថ្ងៃ៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា អាជ្ញាធររិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ស្ថានីយបូមទឹកបឹងទំពន់ជាស្ថានីយបូមទឹក ដែលធំជាងគេ នៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជានៅ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល។

ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ មានគម្រោង ចំនួន៥០គម្រោង ហើយក្នុងគម្រោងនេះ ប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញ នឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះ ក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។

ទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងអោយបាន ការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយបូមទឹកបឹងទំពុនបានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៣៣ម៉ែត្រគុប ក្នុង១វិនាទី យើងក៏នឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន០២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពុន នឹងមានសមត្ថភាពបូមទឹកបាន៤៥ម៉ែត្រគុប ក្នុង១វិនាទី។ ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញ យើងមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្ត ហើយយើងក៏មានគម្រោងពង្រីក និងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ៦ម៉ែត្រផងដែរ។

គួរបញ្ជាក់ថា នៅភ្នំពេញមានស្ថានីយបូមទឹកទាំង១៤កន្លែង ហើយនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើអោយរាជធានីភ្នំពេញ អស់ក្តីបារម្ភ រឿងលិចយូរទៀត៕