យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងចាប់ផ្តើមជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤តទៅ


បន្ទាប់ពីការសាកល្បង «យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដទៃទៀត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ ក្រសួងបរិស្ថាននឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្ត ថ្មីមួយទៀត ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនជាង ៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ បានបង្ហាញយ៉ាងច្បាស់ពី កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាង ការបោះចោលទៅក្នុងទីសាធារណៈហើយ។

សូមបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងគាំទ្រឱ្យដល់ចលនាសម្អាតបរិស្ថាន តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ជារៀងរាល់សប្តាហ៍ ក្នុងការជំរុញការលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត។

សូមបញ្ជាក់ថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕