ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅសមិទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា


នៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(Cambodian Agricultural Research and Development Institute,CARDI) នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅសមិទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាចំនួន៣ក្បាល និងខួបទី១៨ ឆ្នាំរបស់វិទ្យាស្ថាននេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោក ស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិអន្តរជាតិយ៉ាងច្រើនកុះក។ លោកបណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថានកាឌីបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីសមិទ្ធផលក្នុងរយៈពេល១៨ឆ្នាំដែលCARDI សម្រេចបាន ដូចជា៖ -ការអភិរក្សពូជដំណាំសំខាន់ៗទាំង នៅក្នុងធនាគារពន្ធុនិងលើទីវាល-ការអភិវឌ្ឍនិង បញ្ចេញពូជដំណាំល្អៗ ការផ្ទេរបច្ចេកទេសកសិកម្មនិងគ្រប់គ្រងធនធានដី និងការប្រើប្រាស់សារធាតុចិញ្ចឹមនិរន្តរភាព និងផលចំណេញសេដ្ឋកិច្ចការបណ្តុះបណ្តាលធនធានមនុស្សនិងការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយដៃគូអន្តរជាតិ។ ជាក់ស្តែងថ្មីៗនេះអង្ករពូជស្រូវផ្ការំដួលត្រូវបានចាត់ទុកថាជាអង្ករមានគុណភាព លេខ ១ ក្នុងពិភពលោករយៈពេល៣ ឆ្នាំជាប់ៗគ្នានៅក្នុងវេទិកាប្រកួតប្រជែងពិភពលោកដែលបាន ប្រព្រឹត្តទៅនៅទីក្រុងបាលី២០១២ ទីក្រុងហុងកុង ២០១៣ និងទីក្រុងភ្នំពេញ២០១៤ នេះគឺជាសមិទ្ធផលដ៏ធំធេងរបស់វិទ្យាស្ថានក៏ដូចជារបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តីសូមធ្វើការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ មន្រ្តីរាជការក្រោមឱវាទ វិទ្យាស្ថានទាំងអស់ដែលបានខិតខំយកអស់កំលាំងកាយចិត្តសតិបញ្ញាស្មារតីបំពេញតួនាទីនិងភារកិច្ចរហូតទទួលបានសមិទ្ធផលថ្លៃថ្លាដូចយើងបានឃើញ នាពេលនេះ។ ឯកឧត្តមក៏បានរំឭកជូនភ្ញៀវជ្រាបពី ប្រវត្តិនៃការចាប់បដិសន្ធិរបស់វិទ្យាស្ថានកាឌី ដោយសារទស្សនគិតគូវែងឆ្ងាយនិងឈ្លាសវៃរបស់សម្តេចតេជោ បានខិតខំប្រឹងប្រែងបង្កើតវិទ្យាស្ថាននេះហើយសម្តេចក៏បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០០ ហើយសម្តេចបានចាត់ទុកវិទ្យាស្ថានកាឌីជា “ទារក” របស់សម្តេចនិងបានសន្យាថាមិនបំភ្លេចទារកនេះឡើយ។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ សម្តេចបានអញ្ជើញជាអធិបតីម្តងទៀតក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងវិទ្យាស្ថានកាឌី នាពេលនោះសម្តេចបានហៅវិទ្យាស្ថានថាជាកូន របស់សម្តេច។ ចាប់តាំងពីពេលនោះមក CARDI មានការអភិវឌ្ឍប្រកបដោយមោទនភាពក្រោមជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈ AuSAID, DFAT និង IRRI ដែល បានឧបត្ថម្ភនិងគាំទ្របង្កើត CARDI រហូតបានសម្រេចជោគជ័យ។
ដើម្បីបន្តជំរុញការអភិវឌ្ឍ វិស័យកសិកម្មឲ្យកាន់តែល្អប្រសើររួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋព្រមទាំងបង្កើនគុណភាពដើម្បីប្រកួតប្រជែងនិងនាំចេញ ឯកឧត្តមបានផ្តល់ជូនគំនិតថ្មីៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់ CARDI ទុកជាមូលដ្ឋានក្នុងការអនុវត្តការងារជាអាទិ៍៖
ទី១. ពង្រឹងនិងពង្រីកសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មថ្មីៗឲ្យបានប្រសើរដើម្បីបង្កើនផលិតភាព និងគុណភាពកសិផល ឆ្លើយតបតម្រូវការទីផ្សារ ក្នុងបរិបទសាកលភាវូបនីយកម្ម។
ទី២. លើកកម្ពស់ការប្រមូល អភិរក្ស និងប្រើប្រាស់ធនធានពន្ធុ ដំណាំកសិកម្ម និងពង្រីកការអភិវឌ្ឍពូជដំណាំ រួម ទាំងផ្កាផងដែរ។
ទី៣.ត្រូវជំរុញការស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុចិញ្ចឹម និងទឹក សម្រាប់បង្កើនទិន្នផល និងគុណភាពដំណាំធានានូវនិរន្តរភាពដីនិងទឹក ប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់ និងត្រូវសិក្សាលើសមាសធាតុ ចង្រៃដូចជាសត្វល្អិតចង្រៃ ជំងឺ និងស្មៅ និង រកវិធីសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ទី៤.ធ្វើការស្រាវជ្រាវដីកសិកម្ម និងកំណត់នូវវិធីសាស្ត្រប្រើប្រាស់ឧបករណ៍និងគ្រឿងចក្រកសិកម្មប្រកបដោយប្រសិទ្ធផល និងបច្ចេកទេសក្រោយពេលប្រមូលផល ការវេចខ្ចប់ និងទុកដាក់កសិផល។ ទី៥.បន្តសិក្សាពីប្រព័ន្ធកសិកម្មពហុប្រយោជន៍ដើម្បីបង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយចំណាកស្រុកតាមរយៈការសិក្សាពីលក្ខខណ្ឌ ដាំដុះ ស្ថានភាពសង្គម សេដ្ឋកិច្ចនិងបច្ចេកវិទ្យា។
ទី៦.ត្រូវបន្តនិងពង្រីកការផលិតគ្រាប់ពូជចំណាត់ សុទ្ធគ្រឹះរបស់ពូជដំណាំ ជាពិសេសគ្រាប់ពូជស្រូវក្រអូបដើម្បីធានានូវគុណភាព និងតម្រូវការ ទីផ្សារស្របតាមអនុសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងវេទិកាស្រូវ-អង្ករ លើកទី៥ឆ្នាំ២០១៦។
ទី៧. ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ត្រូវបន្តពង្រឹងសាមគ្គីភាព និងភាពទទួលខុសត្រូវក្នុងការងារ ឲ្យបានល្អប្រសើរ សហការជាមួយក្រុមប្រឹក្សា ភិបាល និងជាមួយដៃគូពាក់ព័ន្ធទាំងអស់ឲ្យ កាន់តែមានប្រសិទ្ធផលដើម្បីសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាលនិងក្រសួងប្រគល់ជូន។