ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយលោក Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ជំនួបនាព្រឹកនេះត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។

តាមរយៈជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកដែលមានស្រាប់នៅកម្ពុជា ការដឹកជញ្ជូនតាមផ្លូវទឹក និងការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពិសេសលើជំនាញផ្លូវដែក តាមរយៈការបញ្ជូនមន្ត្រីរាជការទៅចូលរួមវគ្គបណ្តុះបណ្តាលនានា នៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយលោកឯកអគ្គរាជទូត ក៏បានផ្តល់កិត្តយសអញ្ជើញប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រីរាជការ នៃនាយកដ្ឋានផ្លូវដែក ចំនួន ០៤រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសំណង់ផ្លូវដែក នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផងដែរ៕