រដ្ឋមន្ត្រី ឈាង រ៉ា និងគណៈប្រតិភូជាន់ខ្ពស់សុខាភិបាល អញ្ជើញចូលរួមពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស


នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម អុិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេស ស្វ៊ីស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាល ចូលរួមពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ។

មហាសន្និបាតសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក (១៩៤) ចូលរួមពិនិត្យពិភាក្សា និងសម្រេចការងារពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាជនជាសាកល។ មហាសន្និបាតសុខភាពត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៉ីស និងមានការចូលរួមភាគច្រើនដោយ រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក និងផ្តោតលើរបៀបវារៈសុខភាពជាក់លាក់ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច។

ក្នុងនាមកម្ពុជា និងក្នុងនាមក្រសួងសុខាភិបាលនៃកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ដោយផ្ទាល់នៅចំពោះមុខមហាសន្និបាតសុខភាពពិភពលោក ក្នុងវេលាដ៏ឆាប់ខាងមុខ លើប្រធានបទដ៏មានសារៈសំខាន់ ដែលជាគំនិតយោបល់ ជាទស្សនៈទានរបស់កម្ពុជាចែករំលែកដល់ពិភពលោក ដោយឈរលើបទពិសោធន៍កម្ពុជា រួមទាំងកិច្ចការប្រឈមជាសាកលទាំងឡាយ ដែលកម្ពុជាបានស្វែងយល់សុីជម្រៅ និងមានបំណងចែករំលែកក្នុងវេទិកាមហាសន្និបាតសុខភាពពិភពលោកលើកនេះ៕