កូនឈើចម្រុះជិត១លានដើម ត្រូវបានចែកជូនពលរដ្ឋ រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»


ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិការកេសរកូលជាតិលើកទី៤ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការសួងបរិស្ថាន បានទាញចិត្តប្រជាពលរដ្ឋ មកយកកូនឈើចម្រុះទៅដាំជាង៩២ម៉ឺនដើម។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទពិព័រណ៍ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ បញ្ចប់ទៅដោយជោគជ័យ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឱ្យធ្វើនៅតាមបណ្តារាជធានី ខេត្តជាអ្នករៀបចំ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឱ្យធ្វើនៅតាមរាជធានី ខេត្ត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើយ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀតនឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន១០លានដើម ក្នុងមួយឆ្នាំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអះអាងថា ក្រសួងបរិស្ថាន មានគោលការណ៍ចែកដើមឈើជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពដីនៅតាមតំបន់ទីរួមខេត្តនីមួយៗ ពីព្រោះថា ស្ថានភាពដីខ្លះសមស្របទៅស្ថានភាពដើមឈើខ្លះ ចំណែកស្ថានភាពដីខ្លះទៀត ក៏មិនសមសម្របទៅតាមស្ថានភាពដើមឈើខ្លះទៀតនោះដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្ដែងក្ដីរីករាយក្រោយទទួលបានលទ្ធផលជាទីគាប់ចិត្ត លើការសាកល្បងលើកទី១ ក្នុងការចែកកូនឈើជូនប្រជាពលរដ្ឋនាដើមឆ្នាំដំបូង។ ឯកឧត្តមថានេះក៏ជាការលើកទឹកចិត្តសម្រាប់ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យក្រសួងបរិស្ថានមានសុទិដ្ឋិនិយមខ្លាំង ក្នុងការប្រឹងប្រែង និងបណ្ដុះកូនឈើបន្ថែមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដុះ សំដៅទទួលបានជោគជ័យស្របតាមយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាល។​ ក្រសួងបរិស្ថាន បានប្ដេជ្ញាថា នឹងបន្តធ្វើការបណ្ដុះកូនឈើចែកជូនប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ ខណៈឆ្នាំក្រោយនឹងបន្តចែកកូនឈើនៅ រាជធានីភ្នំពេញដដែល។ មិនត្រឹមតែចែកប៉ុណ្ណោះទេ លោកនឹងមានជាសកម្មភាពរួមគ្នាដាំដើមឈើបន្ថែមទៀត។

ការៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ គឺជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់ គឺស្អាត បៃតង និងចីរភាព។ ម្យ៉ាងវិញទៀត គឺជាការជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការចែកកូនឈើ ក្នុងឱកាសធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រឡាញ់ដើមឈើ។ កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង បានចែកឱ្យប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា នៅរាជធានីភ្នំពេញ និងនៅតាមមន្ទីរបរិស្ថានរាជធានី និងខេត្តនានា ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ខណៈ ដែលក្រសួងបរិស្ថាន បានបណ្តុះកូនឈើ បានជាង១,៣លានដើម ចាប់តាំងពីការដាក់ចេញយុទ្ធនាការ ចែកកូនឈើជូនប្រជាពលរដ្ឋ យ៉ាងតិច១លានដើម នៅក្នុងឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យកដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សាឆ្នាំ២០២៤នេះ ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕