ប្រមុខការទូតកម្ពុជា ស្វាគមន៍ហ្វាំងឡង់ លុចសំបួ អេស្ប៉ាញ ម៉ិចស៉ិច និងអាល់ហ្សេរី ចូលជាភាគីនៃសន្ធិសញ្ញា TAC


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសស្វាគមន៍ប្រទេសចំនួន៥ និងទន្ទឹងរង់ចាំប្រទេសទាំងនោះ ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប្រទេសទាំង ៥នោះ រួមមាន ហ្វាំងឡង់ លុចសំបួ អេស្ប៉ាញ ម៉ិចស៉ិច និងអាល់ហ្សេរី ។

ការប្រកាសស្វាគមន៍របស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីសារសំខាន់ TAC ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍នូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់របស់ប្រទេសដែលនៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្នើសុំចូល ជាភាគីនៃសន្ធិសញ្ញា TAC ហើយទន្ទឹងរង់ចាំការចូលជាភាគីនៃសន្ធិសញ្ញា TAC ដោយសាធារណរដ្ឋហ្វាំងឡង់ ព្រះរាជាណាចក្រលុចសំបួ ព្រះរាជាណាចក្រអេស្ប៉ាញ សហរដ្ឋម៉ិកស៊ិក និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី។

កិច្ចប្រជុំក៏បានស្វាគមន៍ភាពជោគជ័យនៃ ការរៀបចំសន្និសីទភាគីហត្ថលេខីនៃសន្ធិសញ្ញា TAC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតាផងដែរ។

TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។ គិតត្រឹមឆ្នាំ២០២៣ TAC មានសមាជិក ៥៤៕