ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឲ្យលោក Steffen KAESER នាយកផ្នែកស្តង់ដារ និងសម្របសម្រួលធុរកិច្ចនៃអង្គការ UNIDO និងគណប្រតិភូ ចូលជួបសម្តែងការគួរសម


នៅវេលាម៉ោង ១៥:៣០ នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Steffen KAESER នាយកផ្នែកស្តង់ដារ និងសម្របសម្រួលធុរកិច្ចនៃអង្គការ UNIDO និងគណប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកនាយក បានមានប្រសាសថា គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីពិនិត្យមើលនូវកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការជំរុញ កសិ-ឧស្សាហកម្ម រួមមាន ផលិតកម្មត្រី និងសត្វ និងមានគម្រោងស្នើឲ្យមានការអន្តរាគមន៏ពីរាជរដ្ឋាភិបាល វិស័យឯកជន អង្គការ និងដៃគូអភិវឌ្ឍន៏ ក្នុងការចូលរួមវិនិយោគលើការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា។ លោកនាយក បានបន្តថាបច្ចុប្បន្នអង្គការ UNIDO បាននិងកំពុងរៀបចំឯកសារក្របខណ្ឌកម្មវិធីភាពជាដៃគូប្រចាំប្រទេស និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមអនុវត្តនៅក្នុងពាក់កណ្តាលឆ្នាំ២០១៨ខាងមុខ។ លោកបានបញ្ជាក់បន្ថែមថាឯកសារក្របខណ្ឌកម្មវិធីនេះ ជាមូលដ្ឋានចម្បងក្នុងការទាក់ទាញអ្នកវិនិយោគ និងដៃគូអភិវឌ្ឍន៏នានា ក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មដែលមានភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងធានាបាននូវនិរន្តភាព ទាំងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។
ថ្លែងនៅក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់អង្គការ UNIDO ដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា និងគាំទ្រដល់កិច្ចដំណើរក្នុងការរៀបចំនូវឯកសារក្របខណ្ឌកម្មវិធីដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការគ្នារៀបចំកិច្ចប្រជុំរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពិនិត្យមើលនូវបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត ផលិតផលកសិកម្ម ទៅនឹងសិប្បកម្ម និងឧស្សាកម្មកែច្នៃ និងទីផ្សារក្នុងស្រុកសំខាន់ៗដូចជា ផ្សារទំនើប និងបណ្តាសណ្ឋាគារ ដែលបានផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យទេសចរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថាឯកសារក្របខណ្ឌកម្មវិធីភាពជាដៃគូប្រចាំប្រទេសនេះ គួរមានការចូលរួមពិគ្រោះយោបល់ពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលនូវធាតុចូល និងពិនិត្យពិភាក្សាពីកត្តាសំខាន់ៗដែលចូលរួមចំណែកដល់តម្លៃក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងការផលិត ផ្គត់ផ្គង់ទាំងក្នុងស្រុក និងការនាំចេញ។