ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ»

បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៣ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្ស មកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន១៤០រូប (ស្រី១៨រូប) នៅវិមាន៧មករា រាជធានីភ្នំពេញ។

មុនពេលចាប់ផ្តើមខ្លឹមសារនៃបទឧទ្ទេសនាម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីអត្ថន័យ នៃវិមាន៧មករា ដែលសិក្ខាកាមកំពុងតែមានឱកាសសិក្សារៀនសូត្រក្នុងវិមានដ៏ធំស្កឹមស្កៃ ដែលជាទីស្នាក់ការគណបក្សប្រជាជននេះថា «វិមាននេះ ជាវិមានដែលបានសាងក្នុងយុគ្គសម័យនៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែងកសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិមាតុភូមិ ហើយជាពិសេសបានបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ»

នៅក្នុងបទឧទ្ទេសនាមរបស់ឧបនាយករដ្ឋមន្ត្រី ត្រូវបានបែងចែកជាពីរ ចំណុចទី១៖ បង្ហាញប្រវត្តិ និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងសមិទ្ធផលការងារស្នូលសំខាន់ៗ រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល និងទី២៖ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈនានាពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។

ឧបនាយកបរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ពីភាពជោគជ័យនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងលិខិបទដ្ឋានគតិយុត្តិដែលបានរៀបចំដាក់ចេញ និងតាមរយៈកម្មវិធីអង្គភាព ផ្តល់សេវាសាធារណៈគំរូ បានឆ្លុះបញ្ចាំងពីឆន្ទៈ ចក្ខុវិស័យ និងការលះបង់របស់មន្ត្រីនៅមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត បានបង្ហាញឲ្យប្រជាជន ជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោកបានរំលឹកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា ភាពជឿជាក់ និងជំនឿទុកចិត្ត ដែលបានមកពីប្រជាជន ត្រូវកសាងជាប់ជាប្រចាំ និងមានរយៈពេលយូ។ ភាពតិចតួចរបស់ប្រជាជននៅក្នុងកម្រិតមូលដ្ឋាន គឺជាកត្តាកំណត់ដែលគណបក្សប្រជាជន អាចកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយ និងសង្គមជាតិជារៀងរហូត។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសិក្សាបន្ថែមពីការដឹកនាំរបស់ថ្នាក់ដឹកនាំដទៃទៀត របស់គណបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។ លោកបានជំរុញចិត្តដល់សិក្ខាកាមទាំងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕